ខេត្តកំពង់ធំ៖ យោធិន និងអតីតយុទ្ធជន ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការសាកសួរសុខទុក្ខ នាឱកាសខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីស្ថានភាពនៃការព្យាបាលជំងឺជូនយោធិន និងអតីតយុទ្ធជន ដែលបានមកសម្រាកព្យាបាលជំងឺ នាពេលកន្លងទៅ ក្នុងមួយខែមួយខែ មានប្រមាណពី ៥ ទៅ ៨ នាក់ ។ ដោយឡែក បងប្អូនយោធិន អតីតយុទ្ធជន និងក្រុមគ្រួសារមួយចំនួន ដែលមានជំងឺ ត្រូវបានពិនិត្យ និងផ្ដល់ថ្នាំពេទ្យទៅសម្រាកព្យាបាលនៅតាមគេហដ្ឋាន និងអង្គភាពរៀងៗខ្លួនផងដែរ។ ដោយឡែកនៅថ្ងៃនេះ មានយោធិន និងអតីតយុទ្ធជនមានជម្ងឺ កំពុងសម្រាកព្យាបាលនៅគិលានដ្ឋានមានចំនួន ៥នាក់ ដែលជាប្រភេទជំងឺគ្រុនឈាម រលាកក្រពះពោះវៀន និងជំងឺផ្ដាសាយធំ ហើយនឹងត្រូវជាសះស្បើយវិលត្រឡប់ទៅអង្គភាព និងគេហដ្ឋានវិញនៅពេលដ៏ខ្លីខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃអំណរគុណចំពោះ នាយទាហានផ្នែកសុខាភិបាល និងលោកគ្រូអ្នកគ្រូ ជាក្រុមគ្រូពេទ្យ នៃគិលានដ្ឋាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងការព្យាបាលជំងឺប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជូនយោធិន និងអតីតយុទ្ធជនយើង និង បានសំណូមពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការថែទាំព្យាបាលជំងឺជូនដល់យោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ដែលមានជំងឺមកសម្រាកព្យាបាលនៅគិលានដ្ឋានរបស់យើង ប្រកបដោយគុណធម៌ និងវិជ្ជាជីវៈ ដើម្បីបងប្អូនឆាប់បានជាសះស្បើយ បានវិលត្រឡប់ទៅបំពេញភារកិច្ចនៅតាមបណ្ដាកងឯកភាពវិញ ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយឧបត្ថម្ភភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់យោធិន និងអតីតយុទ្ធជន ដែលកំពុងសម្រាកព្យាបាលជំងឺ ហើយនិងបានសូមជូនពរបងប្អូនទាំងអស់ឆាប់បានជាសះស្បើយ មានសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។











