ឯកឧត្តម ព្រឹម រដ្ឋា បានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ ផ្អាកការធ្វើស្រែប្រាំងក្នុងរដូវប្រាំងឆ្នាំនេះ នៅតាមប្រព័ន្ធធារាសាស្ត្រ ចំនួន ១៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ធ
(កំពង់ធំ)៖ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ ផ្អាកការធ្វើស្រែប្រាំងក្នុងរដូវប្រាំងឆ្នាំនេះ រយៈពេល ១ឆ្នាំ នៅតាមប្រព័ន្ធធារាសាស្ត្រ ចំនួន ១៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងធ្វើការសាងសង់ ជួសជុល និងស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រមួយចំនួនក្នុងខេត្តកំពង់ធំ ដែលធ្វើឱ្យប៉ះពាល់ដំណើរការផ្គត់ផ្គង់ទឹកធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ។
ការអំពាវនាវនេះ លើកឡើងនៅក្នុងកិច្ចប្រជុំស្តីពីការផ្អាក ការធ្វើស្រែប្រាំង នៅតាមប្រព័ន្ធធារាសាស្ត្រ ចំនួន ១៤ សម្រាប់រដូវប្រាំង ឆ្នាំ២០២៥-២០២៦នេះ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ នៃសាលាខេត្តកំពង់ធំ។
ឯកឧត្តម ព្រឹម រដ្ឋា បានណែនាំដល់បណ្តាក្រុង-ស្រុកទាំង៩ បន្តក្នុងការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានដឹង មុននឹងប្រជាពលរដ្ឋចាប់ផ្តើមសាបព្រោះ នាពេលខាងមុខនេះ ដើម្បីបញ្ជៀសនូវការខ្វះទឹកស្រោចស្រពដំណាំស្រូវ ឈានទៅដល់ការខាតបង់ផលចំណេញរបស់បងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបផងដែរថា ប្រព័ន្ធធារាសាស្រ្តទាំង ១៤ រួមមាន៖
១. ទំនប់អាងទឹកដងកាំបិត ឃុំដងកាំបិត ស្រុកសណ្តាន់
២. សំណង់ស្ទាក់ទឹកកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ
៣. ប្រឡាយមេកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ
៤. ប្រឡាយមេស្ទឹងស្លាប់ ឃុំត្បូងក្រពើ ស្រុកសន្ទុក
៥. ប្រឡាយមេអូរជូនពៅ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន
៦. ប្រឡាយកំពង់ពុទ្រា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន
៧. ប្រឡាយរលួស សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន
៨. ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងត្បូង ស្រុកបារាយណ៍ និងស្រុកតាំងគោក
៩. ប្រឡាយមេកងមាស ឃុំចុងដូង ស្រុកបារាយណ៍
១០. ប្រព័ន្ធធារាសាស្ត្រ ឬស្សីលរ ឃុំស្វាយភ្លើង ស្រុកតាំងគោក
១១. សំណង់ស្ទាក់ទឹកបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង
១២. ប្រឡាយរងបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង
១៣. ប្រព័ន្ធធារាសាស្ត្រ ទំនប់ក្រាយ ឃុំកំពង់ចិនជើង ស្រុកស្ទោង
១៤.ប្រព័ន្ធធារាសាស្ត្រ អូរអត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក។

