លោកឧត្តមសេនីយ៍ទោ ហេង សុផល ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំងនគរបាលជាតិ
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំងនគរបាល ចូលរួមប្រមាណជាង៣០០នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត។
បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងកោតសរសើរ ដល់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងទូទាំងខេត្ត ដែលលះបង់កម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួន យកអស់បញ្ញាស្មារតី ខិតខំប្រឹងប្រែងអនុវត្ត តួនាទីតភារកិច្ច សម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងអំពី សភាពការណ៍ ព្រំដែន(កម្ពុជា-ថៃ) កម្ពុជាយើងរងការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា កងទ័ពថៃ បានវាយប្រហារយ៉ាងយង់ឃ្នង ដោយប្រើប្រាស់អាវុធគ្រប់ធុនយុទ្ធោបករណ៍ បច្ចេកវិទ្យាទំនើបៗ ព្រមទាំងយន្តហោះចម្បាំងជាច្រើនប្រភេទ បាញ់ស្រោច ផ្លោងទម្លាក់ ជញ្ជ្រំ មិនគិតពីតំបន់ស៊ីវិល និងសុវត្ថិភាពប្រជាពលរដ្ឋ ស្លូតត្រង់ ខណៈកងកម្លាំងប្រដាប់អាវុធចម្រុះ របស់កម្ពុជា បានបន្តឈរជើងរក្សាភាពអត់ធ្មត់កម្រិតខ្ពស់ លើអធិបតេយ្យភាពជាតិ ដើម្បីធានាអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។
ទន្ទឹមសភាពការណ៍ ខាងលើនេះ លោក ស្នងការ បានថ្លែងពង្រឹងការងារស្នូល ដល់កងកម្លាំង÷ ១.គ្រប់គ្រងដឹកនាំបញ្ជា តាមតួនាទី ភារកិច្ចប្រចាំថ្ងៃ ត្រូវអនុវត្ត យ៉ាងមោះមុត ស្របតាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ,២.បន្តពង្រឹងការគ្រប់គ្រងប្រមូលផ្តុំកងកម្លាំង ដើម្បីធ្វើការហ្វឹកហាត់ លំហាត់របៀប សណ្ដាប់ធ្នាប់ វិន័យកងជួររបស់កងកម្លាំងនគរបាលជាតិ កម្ពុជា,៣.ពង្រឹងការងារជាក្រុម វេនប្រចាំបញ្ជា ត្រូវផ្លាស់ប្ដូរវេនប្រចាំការ ក្នុងអង្គភាព ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រគល់ជូន អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់,៤.ត្រៀមកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ ព្រមទាំងជនភៀសសឹក ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្ត។
ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំង និងបងប្អូនសប្បុរសជន ដែលបានឧបត្ថម្ភ សម្ភារៈ ស្បៀងអាហារ ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងការងារសប្បុរសធម៌ ដល់ស្នងការដ្ឋានដើម្បីលោកនាំយកឧបត្ថម្ភបន្ត ជូនជនភៀសសឹក
នាថ្ងៃខាងមុខនេះ។

