មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ត្រី ជូនសពវីរយុទ្ធជនពលី ដើម្បីការពារជាតិមាតុភូម
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ អញ្ជើញជាអធិបតីភាពក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ត្រី ជូនសពវីរយុទ្ធជន លោកនាយចំណង់ ឈាន ធាងលី ជំនួយការចលនូប្បត្ថម្ភ ផ្នែកសឹករងស្ទឹងសែន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលបានពលីជីវិតកាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៩ឆ្នាំ ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានពីពួកចោរសៀម នៅក្នុងសមរភូមិតំបន់អានសេះ ។ ដោយពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងបណ្ដាកងឯកភាពចំណុះទាំងអស់ សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំនេះ ព្រមទាំងបានសម្តែងនូវការសោកស្ដាយអាឡោះអាល័យខ្លាំងជាពន់ពេក ចំពោះការបាត់បង់យុទ្ធមិត្តធ្លាប់រួមអាវុធ រួមការងារជាមួយគ្នា ។ ការបាត់បង់នូវវីរៈជនដ៏ឆ្នើម ១រូប និងជាជំនួយការចលនូប្បត្ថម្ភ របស់ផ្នែកសឹករងស្ទឹងសែន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលកន្លងមកលោកតែងតែលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតីតស៊ូយ៉ាងមុតមាំ ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អ និងបានក៏សាងស្នាដៃជាច្រើន ជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងបណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធ និងបានអុជធុបបួងសួងឧទ្ទិសដល់ដួងវិញ្ញាក្ខន្ធសពលោកវរសេនីយ៍ត្រី ឈាន ធាងលី សូមឲ្យលោកបានទៅកាន់សុខគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវថវិកាគោលនយោបាយបូជាសពរបស់ក្រសួងការពារជាតិចំនួន ៣០,២៩២,០០០រៀល ប្រគល់ជូនដល់គ្រួសារសពផងដែរ ។
តំណាងក្រុមគ្រួសារនៃសព របស់វរសេនីយ៍ត្រី ឈាន ធាងលី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងជាពិសេសឯកឧត្តម មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម មេបញ្ជាការ ទើបកម្មវិធីបុណ្យនេះប្រកបទៅដោយភាពរលូន។

