ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដាក់ចេញបទបញ្ជា ៣ ចំណុច ដល់កងកម្លំាងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទី ភារកិច្ច និងដាក់ចេញនូវបទបញ្ជាចំនួន ៣ចំណុច ដល់កងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រី ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាល និងលោក ប៉ែន សាវេង នាយផ្នែករដ្ឋបាលជលផលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា៖ កន្លងទៅកងកម្លំាងចម្រុះ បានសាមគ្គីសហការគ្នាល្អក្នុងការបំពេញភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ទទួលបានលទ្ធផលល្អប្រសើរ ។ ជាមួយនោះដែរ ក៏បានចូលរួមសហការជាមួយ កងកម្លំាងអន្តរាគមន៍របស់យោធភូមិភាគទី៥ ក្នុងការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ នៅតំបន់លំហបឹងទន្លេសាប ដែលប្រជានេសាទមួយចំនួន ដាក់ឧបករណ៍នេសាទចូលជ្រៅក្នុងលំហទន្លេសាបខុសច្បាប់ស្ដីពីជលផល ។ ក្រៅពីនោះទៀត កងកម្លំាងចម្រុះបានសហការជាមួយអាជ្ញាធរដែនដី ក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ កុំឲ្យប្រេីប្រាស និងធ្វើសកម្មភាពនេសាទខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានមច្ឆាជាតិ និងនាំឲ្យមានទោស ឬខាតបង់សម្ភារៈផ្ទាល់ខ្លួនផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានរួមសហការគ្នា ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសអបអរសាទរ ចំពោះទិន្នផលត្រីដែលបានសំបូរឡើងវិញ ។ ហើយក្នុងនោះ បងប្អូនក៏បានរួមជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញចូលរួមអប់រំ ផ្សព្វផ្សាយអំពីច្បាប់ស្ដីពីជលផល និងសេចក្ដីណែនាំនានាជូនបងប្អូនប្រជានេសាទផង និងធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ ដែលក្រុមជនល្មើសមួយចំនួន នៅតែបន្តសកម្មភាពលួចដាក់ឧបករណ៍ខុសច្បាប់ផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់បន្ថែមទៀត ដោយគ្មានការដកថយឡេីយ ដោយត្រូវអនុវត្តន៍យ៉ាងមុឺងម៉ាត់នូវបទបញ្ជារបស់ឯកឧត្តមប្រធានគណ:បញ្ជាការឯកភាព បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្របឹងទន្លេសាប និងការណែនាំនានារបស់ឯកឧត្ដមអភិបាលខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព ដោយត្រូវយកចិត្តទុកដាក់៖ ទីមួយ ការពារឲ្យបានដាច់ខាត តំបន់ឡូអភិរក្សពូជត្រី សម្រាប់ត្រីពងកូននៅរដូវវស្សាខាងមុខ ។ ទីពីរ សហការគ្នាឲ្យបានល្អ ជាមួយគ្រប់កងកម្លំាងដែលមានការពាក់ព័ន្ធ បន្តសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលដាក់ខុសទីតាំងដែលច្បាប់បានកំណត់ នៅក្នុងតំបន់លំហបឹងទន្លេសាប ។ និងទី៣ មិនត្រូវមានការពាក់ព័ន្ធ ឬគុបគិតជាមួយជនល្មើសក្នុងការទទួលផលប្រយោជន៍ ជាថ្នូរក្នុងការមិនបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាដាច់ខាត ។ ប្រសិនជារកឃើញមានជនណាម្នាក់ប្រព្រឹត្តិករណីខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡេីយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ និងភេសជ្ជៈមួយចំនួនបន្ថែមទៀត ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់បន្តទៀត ឲ្យទទួលបានជោគជ័យ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាយើងនៅទូទាំងប្រទេស ។

