ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ កងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដឹកនាំដោយវរសេនីយ៍ឯក ង្វៀន ឌិញជួន មេបញ្ជាការរង បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ នៃកងយោធពលខេមរភូមិន្ទ ដោយមានការទទួលស្វាគមន៍យ៉ាងរ៉ាក់ទាក់កក់ក្ដៅ ពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការស្វាគមន៍ ចំពោះប្រតិភូនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃកងទ័ពបរជាជនវៀតណាម ដែលជារៀងរាល់ឆ្នាំតែងតែចាត់តាំងថ្នាក់ដឹកនាំ មកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ដែលនេះ ជាការផ្សារភ្ជាប់នូវចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ដើម្បីសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសរៀងៗខ្លួន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូន ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា និងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ បានចំនួន១,១៨៤ អដ្ឋិធាតុរួចហើយ។ ហើយបច្ចុប្បន្ននេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងសហការជាមួយកម្លាំងជំនាញបច្ចេកទេស ការ៧២ ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បន្តទៅទៀត តាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។
លោកវរសេនីយ៍ឯក ង្វៀន ឌីញជួន មេបញ្ជាការរងយោធាទីក្រុងហូជីមិញ បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក នៅខេត្តកំពង់ធំ កំពុងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ឋ អភិបាលខេត្ត។ ព្រមជាមួយនេះដែរ ក៍បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហប្រតិបត្តិការល្អក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសកំណើតវិញ ។ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ប្រតិភូនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម សូមជូនពរបវរសួស្ដីមហាប្រសើរ ជូនដល់ប្រជាជនកម្ពុជា និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមទទួលបាននូវសេចកីសុខសេចកីចម្រើន មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងសូមឲ្យចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ រវាងកម្ពុជានិងវៀតណាម ស្ថិតថេរជានិរន្តរ៍ ហើយជាចុងក្រោយ ភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក ប្រកបដោយមនោសញ្ចេតនាស្វាគមន៍ និងសាមគ្គីភាពយ៉ាងកក់ក្តៅជាទីបំផុត ចំពោះគ្នាទៅវិញទៅមកផងដែរ ។

