សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់បទបញ្ជាដល់យោធិនគ្រប់រូប ត្រូវត្រៀមខ្លួនជានិច្ច ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការពារសុខសន្តិភាពជូនប្រជាជន
នៅព្រឹកថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដាក់បទបញ្ជាដល់យោធិនគ្រប់រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេច អនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងថែរក្សាការពារសុខសន្តិភាពជូនប្រជាជនកម្ពុជា ដែលបទបញ្ជានេះត្រូវបានដាក់ចេញ និងរំលឹកបន្ថែមដល់យោធិនគ្រប់រូប ក្នុងពិធីសំណេះសំណាល និងពង្រឹងតួរនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្ដមសេនីយ៍ សោម ស៊ុន ក៍បានបញ្ជាក់បន្ថែមទៀតថា៖ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ដោយត្រូវមានភក្ដីភាពចំពោះប្រជាជន បម្រើប្រជាជន និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងត្រូវជឿជាក់លើការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៍បានណែនាំ និងប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ និងយោធិនគ្រប់រូប ត្រូវចូលរួមជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាដែនដីនៅគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវចូលរួមអនុវត្តន៍ឲ្យបានមុឺម៉ាត់បំផុត នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងកិច្ចសហការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដេីម្បីថែរក្សាធនធានធម្មជាតិរបស់យើង សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
នៅក្នុងឱកាសនេះ យោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តគោរព អនុវត្តន៍តាមបទបញ្ជារបស់បញ្ជាការដែលបានដាក់ចេញឲ្យទទួលបានជោគជ័យ និងប្តេជ្ញាចិត្តគោរពគាំទ្រទាំងស្រុង ចំពោះការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

