ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងថាកម្លាំងយុវជនគឺជាចលនាដ៏មានឥទ្ធិពលបំផុតក្នុងការឈានទៅរកជ័យជំនះក្នុងបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី
(កំពង់ធំ)៖ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងថាកម្លាំងយុវជនគឺជាចលនាដ៏មានឥទ្ធិពលបំផុតក្នុងការឈានទៅរកជ័យជំនះក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦
ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយផែនការរួមទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខនេះនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំប្រតិទិនចុះជួបជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានត្រឹមត្រូវនិងជាប់ជាប្រចាំ ការរួមប្រាស្រ័យទាក់ទងគ្នាបានល្អរវាងក្រុមការងារគណបក្សជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរ ជាពិសេសយុវជនគណបក្សនៅក្នុងមូលដ្ឋានក្រុមការងារ ភូមិ/ឃុំ ដែលនៅជិតស្និទ្ធនិងផ្ទាល់បំផុតក្នុងការផ្ដល់សេវា ជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងជួយសង្គ្រោះបានទាន់ពេលវេលាបំផុតក្នុងស្ថានភាពដែលពួកគាត់ជួបបញ្ហាលំបាកក្នុងគ្រាចៃដន្យណាមួយ រិតតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនឹងនេះការរៀបចំនិងដាក់បេក្ខជនអាទិភាពដែលនឹងឈរឈ្មោះលេខរៀងទី១ ជាប្រធានក្រុមប្រឹក្សាឃុំ ត្រូវតែមានភាពប្រាកដប្រជា តាមបែបលទ្ធិប្រជាធិបតេយ្យ និងជាមនុស្សដែលមានប្រជាប្រិយភាព មានឆន្ទៈ មានលទ្ធភាព ថែមទាំងមានចំណេះដឹង ទំនួលខុសត្រូវ ហើយទទួលបានការសាទរពីគណបក្ស មជ្ឈដ្ឋានទូទៅនិងពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តមបានបន្ថែមថា ការធ្វើប្រតិកម្ម បំណែងចែកតួនាទី/ភារកិច្ច និងទំនួលខុសត្រូវបានត្រឹមត្រូវ និងវិស័យនានា តាមជំនាញវិជ្ជាជីវៈមនសិកា ដូចជាសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត បច្ចេកទេសកសិកម្មដាំដុះដំណាំសព្វសារពើ ការចិញ្ចឹមសត្វ សិប្បកម្ម សេវាសុខាភិបាលក្នុងការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មានឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក៏ជាកត្តាឈានមុខមួយទៅរកជ័យជំនះ។
លើសពីនេះ ចលនាលំនៅឋានស្អាតបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារបានចុះជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ និងស្និទ្ធស្នាលបំផុតជាមួយប្រជាពលរដ្ឋថែមទាំងទទួលបាននូវព័ត៌មានពិតប្រាកដ និងជាក់ស្ដែងថែមទៀត។
លើសពីនេះទៀត ត្រូវមានកិច្ចសហប្រតិបត្តិការខ្ពស់ និងជិតស្និទ្ធបំផុតរវាងក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងក៏ដូចជាបណ្តាឃុំនានាជាមួយក្រុមការងារគណបក្សស្រុក/ឃុំ នៅក្នុងមូលដ្ឋានផ្ទាល់ ដើម្បីធានាបាននូវដំណើរការឃោសនា ព្រមទាំងទទួលបានជ័យជំនះ និងលទ្ធផលល្អប្រសើរបំផុត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ឆាប់ៗខាងមុខនេះ។

