តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង ប្រកាសបិទសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដែលមានកងកម្លាំងចូលរួមចំនួន ២៣០នាក់។
លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង ព្រមទាំងក្រុមការងារ
នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ អញ្ជើញជាអធិបតី នាឱកាសនេះ ព្រមទាំងបានណែនាំ ដល់លោក លោកស្រី ដែលមានវត្តមានក្នុងពិធីនេះ ត្រូវត្រងត្រាប់ស្ដាប់កត់ត្រា នូវអនុសាសន៍ បទពិសោធន៍ ដ៏មានតម្លៃ របស់គណៈអធិបតី ដើម្បីជាផែនទី កំណត់ទិសដៅ សម្រាប់អនុវត្ត តួនាទី/ភារកិច្ចជំនាញជាប្រចាំថ្ងៃ សម្រេចបានជោគជ័យថ្មីៗ បន្ថែមទៀត ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ ។
លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង បានថ្លែង ការចុះធ្វើសវនកម្ម គឺដើម្បីតម្រង់ទិស កែលម្អចំណុចខ្វះខាតនានា តាមបណ្តាអង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន។
លោកឧត្តមសេនីយ៍ទោ បន្តថ្លែងថា ចំពោះលទ្ធផល នៃការចុះធ្វើសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រយៈកាលកន្លងមកនេះ គឺជាទិដ្ឋភាពដែលបញ្ជាក់ឱ្យឃើញអំពីលទ្ធផលការងារ ដើម្បីឆ្លើយតបទៅនឹងការចូលរួមចំណែកពង្រឹងនូវប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងរបស់ស្នងការដ្ឋាន ក៏ដូចជាអង្គភាពពាក់ព័ន្ធចំណុះ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ ទៅលើប្រសិទ្ធភាព នៃការអនុវត្តការងាររបស់សវនដ្ឋាន ដែលផ្តោតសំខាន់លើ៣ចំណុច រួមមាន÷ ១-ការងារគ្រប់គ្រង ធនធានមនុស្ស,២-ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,៣-ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយសុភវិនិច្ឆ័យ ពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
លោកបានថ្លែងអំណរគុណ ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោក លោកស្រីស្នងការរងផែនជំនាញ លោកអធិការក្រុង-ស្រុក ដែលចូលរួមសហការ ដល់ក្រុមការងារ ចុះធ្វើសវនកម្ម នាពេលកន្លងមក ដំណើរការទៅដោយមានភាពរលូន រហូតបញ្ចប់ តាមការរំពឹងទុក ស្របគោលនយោបាយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងកោតសរសើរ ដល់លោក លោកស្រី ដែលបានយកចិត្តទុកដាក់ចូលរួមរៀបចំកសាង កែលម្អ អង្គភាព ឱ្យទទួលបានភាពស្រស់បំព្រង រីកចម្រើនគួរជាទីមោទនៈ ។
ជាចុងក្រោយលោកបានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន អធិការដ្ឋាន ជាពិសេសប៉ុស្តិ៍ នគរបាលរដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត ត្រូវយកចិត្តទុកក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា អនុលោមអនុក្រឹតលេខ៩៦អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវាឱ្យកាន់តែមានប្រសិទ្ធភាព។ បន្តយកចិត្តទុកដាក់ខ្ពស់ និងចូលរួមអនុវត្តអនុក្រឹតលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការគ្រប់គ្រងសន្តិសុខតាមទីតាំង រស់នៅប្រមូលផ្តុំ ឱ្យសកម្មនូវយុទ្ធនាការបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រប់រូបភាពនៃ ការឆបោកតាមបច្ចេកវិទ្យា ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរក្សាផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងអនុវត្តវិធានការច្បាប់ និងនីតិវិធីនៃការ ផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យបានម៉ឺងម៉ាត់អនុលោមប្រកាសអន្តរក្រសួងលេខ ១៦១ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ៕

