ថ្នាក់ដឹកនាំខេត្តកំពង់ធំ ប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា សម្រាប់យុវជនជំនាន់ទី១ នៃកម្មវិធី កសិកម្មធន់នឹងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្ម
(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំអញ្ជើញប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា សម្រាប់យុវជនជំនាន់ទី១ នៃកម្មវិធីកសិកម្មធន់នឹងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី ស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជឺនី ម៉ូល័រJernej Muller ឯកអគ្គរដ្ឋទូតស្លូវីនៀរ ប្រចាំក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងសហការី លោកស្រី ឃឹម នីណា ប្រធានកម្មវិធីអភិវឌ្ឍន៍នៃអង្គការ NPA កម្ពុជា និងសហការី លោក សោម សុភ័ក្រ នាយកអង្គការ សកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងសហការី លោកអភិបាលរងស្រុកប្រាសាទបល្ល័ង្ក លោកមេឃុំសាលាវិស័យ តំណាងសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍ជនជាតិដើមភាគតិច ក្រុមយុវជន និងសហការីAFD ប៉ុន្មានជាង១០០នាក់បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។
លោក សោម សុភ័ក្រ នាយកអង្គការ សកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានបញ្ជាក់ថាអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បាននិងកំពុងអនុវត្តគម្រោង “កសិកម្មដែលធន់នឹងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី បានចាប់ផ្តើមភាពជាដៃគូជាមួយស្ថានទូតនៃសាធារណរដ្ឋស្លូវេនី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីអនុវត្តគម្រោងរយៈពេល២ឆ្នាំ ដែលផ្តោតលើការកសាងកសិកម្មដែលធន់និងអាកាសធាតុសម្រាប់មនុស្សជំនាន់ថ្មី តាមរយៈការអភិវឌ្ឍកសិដ្ឋានសិក្សានៅឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ គម្រោងនេះបានចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន២២នាក់ ដែលជាយុវជន ដែលរស់នៅក្នុងខេត្តកំពង់ធំ ជាពិសេសស្រុកប្រាសាទបល្ល័ង្ក ដែលបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សារបស់គម្រោង។ ដោយសារយុវជនក្រុមទីមួយបានបញ្ចប់វគ្គរយៈពេល៦ខែ ដូច្នេះអង្គការAFD រៀបកម្មវិធី ប្រកួតប្រជែងលើផែនការអាជីកម្មរបស់ក្រុមយុវជនបិទបញ្ចប់វគ្គសិក្សា និងប្រគល់លិខិតបញ្ចាក់ការសិក្សាដល់ក្រុមយុវជនសម្រាប់វគ្គទី១។
ឯកឧត្តម ជឺនី ម៉ូល័រ Jernej Muller ឯកអគ្គរដ្ឋទូតស្លូវីនៀរ ប្រចាំក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានលើកឡើងថាកម្មវិធីអភិវឌ្ឍន៍សហគមន៍មានដូចជា៖ ១.ការកាត់បន្ថយភាពក្រីក្រ ២.ការអភិវឌ្ឍជីវភាពរស់នៅ ៣.ការអប់រំ និងបណ្តុះបណ្តាលសុខភាពសហគមន៍ ៤.ការពង្រឹងសមត្ថភាពអង្គការមូលដ្ឋាន ៥.ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងពិធីសំណេះសំណាលនេះផងដែរឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា លទ្ធផល នៃដំណាក់កាលដំបូងរបស់គម្រោង សម្រេចបានជាពិសេសបានជួយដល់យុវជនទាំង១៨នាក់ បានរៀនសូត្រនិងអនុវត្តផ្ទាល់លើជំនាញកសិកម្មដាំដុះ ចិញ្ចឹមសត្វនៅទីនេះស្រេច។ នេះជាគម្រូនៃការអនុវត្តល្អដែលគម្រោងផ្តល់ទាំងចំណេះជាទ្រឹស្តី អនុវត្តផ្ទាល់ហើយ ថែមទាំងមានការប្រកួតប្រជែងលើគម្រោងផែនការអាជីវកម្មថែមទៀត។ នេះជាផ្នែកមួយក្នុងការកសាងសមត្ថភាពពិតប្រាកដ ដល់យុវជនជំនាន់ក្រោយ ជាពិសេសយុវជនដែលចំណាកស្រុក និងបង់ការសិក្សាដោយកត្តាជីវភាព។

