មន្ទីរកិច្ចការនារី បានសហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រនិងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅឃុំទីពោស្រុកសន្ទុ
(កំពង់ធំ)÷ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រនិងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំទីពោរ ស្រុកសន្ទុកខេត្តកំពង់ធំ ក្រោមវត្តមាន លោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារី ។
អញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមានៈ លោកស្រីអនុប្រធានមន្ទីរ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកសន្ទុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ ក្នុងឃុំ ដែលមានអ្នកចូលរួមសរុប ៧៨នាក់ ស្រី៦០នាក់ ។
លោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិសំណេះសំណាល និងលើកឡើងថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោកស្រីអនុប្រធានមន្ទីរ បានបន្ថែមទៀតថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍន៍សង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។
លោកស្រីអនុប្រធានមន្ទីរ ក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ នឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន,គ្រោះថ្នាក់ចរាចរណ៍និងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះយកចិត្តទុកដាក់ក្នុងការថែទាំសុខម្តាយនិងទារក បញ្ហាស្លាប់កើតនិងកើតស្លាប់របស់ទារកមានការកើនឡើងក្នុងឆ្នាំ២០២៥ ដូច្នេះដើម្បីកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់របស់ទារក លោកស្រីអនុប្រធានបានជំរុញឲ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ ហើយសូមឲ្យអាណាព្យាបាលដែលមានកូនគ្រប់អាយុ 18ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរ ដើម្បីមានសិទ្ធបោះឆ្នោតក្នុងឆ្នាំ២០២៧ខាងមុខជ្រើសរើសនូវថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់ និងបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេសឬតំណាងរាស្ត្រក្នុងឆ្នាំ២០២៨។
លោកស្រីអនុប្រធានមន្ទីរបានមានមតិផ្ដាំផ្ញើដល់អាណាព្យាបាលអ្នកដែលថែទាំអប់រំកូនចៅទាំងអស់ឲ្យចូលរួមជំរុញឲ្យកូនស្រីបានរៀនមានសិទ្ធិស្មើនឹងកូនប្រុសនិងជំរុញឲ្យស្ត្រីចូលរួមប្រើប្រាស់ផលិតផលខ្មែរផងដែរ។

