
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាព និងជីវភាពរស់នៅរបស់កងកម្លាំងចម្រុះ ដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅតំបន់ជាំក្របី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
លោក អ៊ី វិចអុល ប្រធានទីបញ្ជាការស្រាល ប្រចាំការនៅទីបញ្ជាការតំបន់ជាំក្របី បានរាយការណ៍បញ្ជាក់ថា សកម្មភាពលួចកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋក្នុងដែនជម្រកសត្វព្រៃបឹងពែរ មកដល់ពេលនេះមិនមានការកើតឡើងជាថ្មីឡើយ ផ្ទៃដីមួយចំនួនដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ត្រូវបានបោះបង់ចោលមិនហ៊ានចូលធ្វើសកម្មភាពទៀតឡើយ។ ហើយក្នុងរយៈពេលជិតមួយឆ្នាំនេះព្រៃធម្មជាតិបានដុះលូតលាស់ឡើងវិញជាបណ្ដើរៗ រីឯការលួចកាប់ច្រៀក និងដឹកជញ្ជូនឈើត្រូវបានទប់ស្កាត់បានទាំងស្រុង ។ ចំពោះការរស់នៅរបស់កងកម្លាំងចម្រុះ មានជួបការលំបាកនៅបញ្ហាមួយចំនួន តែត្រូវបានថ្នាក់ដឹកនាំជួយដោះស្រាយបានជាបន្តបន្ទាប់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ក្នុងការស្នាក់នៅ និងហូបចុកត្រូវមានអនាម័យល្អ ដើម្បីមានសុខភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចដ៏ឧដុង្គឧត្តម ដែលថ្នាក់ដឹកនាំបានប្រគល់ជូន។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភនូវថ្នាំពេទ្យមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងពេលមានជំងឺដង្កាត់ផ្សេងៗប្រចាំថ្ងៃ ដែលពេលនេះកំពុងរស់នៅឆ្ងាយពីមណ្ឌលសុខភាព និងសូមជូនពរដល់កងកម្លាំងចម្រុះទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។