
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែឧសភា និងដាក់ចេញនូវទិសដៅអនុវត្តបន្តខែមិថុនា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងការិយាល័យ ផ្នែកចំណុះ តាមកម្មវិធី ដែលបានគ្រោងទុក ។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអាន សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែឧសភាកន្លងទៅ និងផ្សព្វផ្សាយសេចក្តីព្រាងទិសដៅភារកិច្ចសំខាន់ៗមួយចំនួន សម្រាប់អនុវត្តបន្តក្នុងខែមិថុនា ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងលទ្ធផលសំខាន់ៗមួយចំនួន ដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចបាន ។
សមាជិកសមាជិកានៃអង្គប្រជុំ បានឡើងពិភាក្សាបំពេញបន្ថែម លើរបាយការណ៍ និងទិសដៅ ព្រមទាំងលើកឡើងនូវបញ្ហាមួយចំនួន ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើ បានប្រគល់ជូននៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ពិសេសកិច្ចការហ្វឹកហ្វឺនពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងការបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន សម្រេចបានតាមផែនការ ព្រមទាំងមានការកោតសរសើរពីមហាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ។ ពិសេសក្នុងរយៈពេលកន្លងទៅ អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ទទួលបានជោគជ័យ គួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្ត ទីមួយ ត្រូវប្រុងប្រៀបផែនការហ្វឹកហ្វឺន រៀនសូត្រប្រចាំ ឆ្នាំជូនដល់យោធិនយើង ទីពីរ ត្រូវបន្តចូលរួមយ៉ាងសកម្ម ក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យ ដោយមិនត្រូវឱ្យមានបទល្មើសធនធានធម្មជាតិ កើតមានឡើងវិញជាដាច់ខាត ។ ទីបី ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការងារគ្រប់គ្រងកងកម្លាំង គ្រឿងបំពាក់ ឲ្យបានម៉ឺងម៉ាត់ សម្របតាមច្បាប់ និងលក្ខន្តិក: និងបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ និងទី៤ ត្រូវបន្តសកម្មភាព បម្រើ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។