
(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អច្រាំងស្ទឹងសែនប្រវែង២.៥៤៥ម៉ែត្រ និងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតកញ្ចប់ទីមួយ ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសចុះពិនិត្យការងារ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព ឱ្យបានហ្មត់ចត់ ស្របទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា គម្រោងកែលម្អ និងពង្រឹងច្រាំងស្ទឹងសែនមានប្រវែងសរុប ២៥៤៥ម៉ែត្រ នៅចំនួនបួនទីតាំង ដោយប្រើប្រាស់ស៊ីផាយ បេតុងអាមេ ក្នុងនោះមានទីតាំងមុខសាលាខេត្ត ទីតាំងមុខផ្សារចាស់ ទីតាំងភូមិពោធិ៍៍បាក់ក និងទីតាំងភូមិក្របៅ។ ដោយឡែក គម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតកញ្ចប់ទី១ មានការងារសំខាន់ៗដូចជា៖ ទី១.សំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ។ ទី២.ស្ពានឆ្លងកាត់ប្រវែង ៧៥០ម៉ែត្រ ទទឹង១,៨ម៉ែត្រ ហើយទំនប់អាងទឹកស្ទឹងជីនិត ស្ថិតនៅលើដងស្ទឹងជីនិតផែ្នកកណ្តាល គ្របដណ្តប់លើស្រុកចំនួនបីនៃខេត្តកំពង់ធំ មានស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក មានសក្តានុពលអាចរក្សាទឹកស្តុកទុកប្រមាណ ៣៩លានម៉ែត្រគូប ជាប្រភេទទឹករស់ បម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាបានប្រមាណ ១.៨០០០ហិកតា និងស្រូវរដូវប្រាំងប្រមាណ៧.៣០០ហិកតា។