
(កំពង់ធំ)÷ កន្លងទៅថ្មីៗនៅសាលប្រជុំសាលាស្រុកកំពង់ស្វាយ ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានដឹកនាំវេទិកា/សិក្ខាសាលាស្តីពី ដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យ កសិកម្ម សិប្បកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ មានសមាសភាពអញ្ជើញចូលរួមសរុបចំនួន៧១រូប ក្នុងនោះមកពីស្ថាប័នថ្នាក់ជាតិចំនួន៣រូប មន្ទីរតាមវិស័យចំនួន៧រូប រួមមានមន្ទីរ(១. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២.មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ៣.មន្ទីរពាណិជ្ជកម្ម ៤. មន្ទីរធនធានទឹក និងឧតុនិយម ៥.មន្ទីរអភិវឌ្ឍន៍ជនបទ ៦. មន្ទីរទេសចរណ៍ ៧. មន្ទីរកិច្ចការនារី ) រដ្ឋបាលស្រុកកំពង់ស្វាយ និងការិយាល័យចំណុះរដ្ឋបាលស្រុក ចំនួន១៤រូប មេឃុំចំនួន១០រូប មន្រ្តីកសិកម្មឃុំ១០រូប សហគមន៍កសិកម្ម១០ចំនួន ៣៣រូប សិប្បករចំនួន១១រូប ស្ថាប័នហិរញ្ញវត្ថុ (ARDB, KE, SME Bank និង Sathapana bank)ចំនួន៨រូប។
ឯកឧត្តមបណ្ឌិត សួង ណយ បានចែករំលែកព័ត៌មានយ៉ាងច្បាស់លាស់ និងពិភាក្សាយ៉ាងសកម្មអំពី÷ ប្រភពហិញ្ញវត្ថុពីស្ថាប័នហិរញ្ញវត្ថុខាងលើ ដែលមានការប្រាក់សមរម្យតាមវិស័យដូចជា កសិកម្ម សិប្បកម្ម ឧស្សាហកម្ម សេវាកម្ម ភស្តុភា និងពាណិជ្ជកម្ម។ ការគ្រប់គ្រង ការប្រើប្រាស់ថវិកាឱ្យចំគោលដៅ។ របៀបស្នើសុំហិរញ្ញប្បទាន និងហិរញ្ញវត្ថុ តាមរយៈការណែនាំ និងពន្យល់ដោយស្ថាប័នហិរញ្ញវត្ថុ (សម្រាប់អ្នកដែលមានបំណងចង់ដាក់ពាក្យស្នើសុំ)។លក្ខខណ្ឌ ប្រភេទការប្រាក់ និងឱកាសទទួលបានកញ្ចប់ថវិកាពិសេសដូចបណ្តាស្រុកមុនៗដែរ។ មន្ទីរកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម កិច្ចការនារី អភិវឌ្ឍន៍ ជនបទ ធនធានទឹក បានឆ្លើយតប និងដោះស្រាយដោយប្រទាក់ក្រឡាគ្នា ពីការដាំដុះ បង្កបង្កើនផល បច្ចេកទេសកែច្នៃវេចខ្ចប់ ចុះបញ្ជីទីផ្សារ ទឹកស្អាត ប្រព័ន្ធស្រោចស្រព និងនូវរាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ។ នៅក្នុងអង្គវេទិកានោះដែរ អាជីវករ សិប្បករ ក៏ដូចជាសហគមន៍កសិកម្ម បានលើកពីកង្វល់កង្វះទីផ្សារ សម្រាប់ប្រមូលផ្តុំទិញលក់ផលិតផលកសិកម្ម សិប្បកម្ម និងសេ វាកម្ម ដោយសារស្រុកកំពង់ស្វាយពុំទាន់មាន ផ្សារនៅឡើយ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកស្រី អុឹង ឡាយហួត ដែលជាម្ចាស់ សិប្បកម្មកែច្ចៃគ្រាប់ស្វាយចន្ទី «ជ័យសំបូរ» ដែលមានទីតាំងនៅស្រុកកំពង់ស្វាយ បានលើកឡើងជូនអង្គវេទិកាពីបទពិសោធន៍ និងជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ។ លោកស្រី ក៏ធ្លាប់បានទទួលឥណទានឥតសំណងពី សហគ្រិន(KE) ចំនួន ៤០០០ ដុល្លារ និងបាន ទទួលកម្ចីឥណទានចំនួន ៥០០,០០០$ ពីធនា គារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME BANK) ដែលមានការប្រាក់ទាប ប្រមាណ៥.៥% ក្នុងមួយឆ្នាំ សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន។ លោកស្រីក៏បានសន្យាថា និងជួយពន្យល់ណែនាំដល់ម្ចាស់សិប្បកម្មនានាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបានទទួលឥណទានឥតសំណង ឬកម្ចីឥណទានមានការប្រាក់ទាប។
មុនបិទអង្គវេទិកា/សិក្ខាសាលា ឯកឧត្តមបណ្ឌិត សួង ណយ បានស្នើឱ្យ៖ សូមឲ្យរដ្ឋបាលស្រុកជ្រើសរើសជនបង្គោលតាមវិស័យ ដើម្បីបន្តជួយ ផ្សព្វផ្សាយ ពន្យល់ណែនាំ ដាក់ពាក្យ រៀបចំឯកសារស្នើសុំឲ្យចំលក្ខខណ្ឌឥណទាន និង អំណោយ។ មន្ទីរជំនាញតាមវិស័យ អាជ្ញាធរស្រុក ឃុំ ភូមិ មន្ត្រីកសិកម្មឃុំ បន្តស្រង់ទិន្នន័យ លើវិស័យកសិកម្ម សិប្បកម្ម សេវាកម្ម ឧស្សាហកម្មសេវាកម្ម អាជីវកម្ម ដើម្បីឈានទៅការផលិតតាមកិច្ចសន្យា និងទីផ្សារ។ ក្រោយប្រមូលទិន្នន័យផលិតផលបានហើយ មន្ទីរជំនាញឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត និងនវានុវត្តន៍ មន្ទីពាណិជ្ជកម្ម មន្ទីរទេសចរណ៍ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរកិច្ចការនារី ត្រូវមុខការឱ្យប្រទាក់ក្រឡាពីមូលដ្ឋានទៅដល់ក្រសួងស្ថាប័ន។វេទិកានេះជាជំហានសំខាន់ក្នុងការបំពេញគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ច្បាស់លាស់ ការចូលរួមពីស្ថាប័នជាតិ និងមូលដ្ឋានបង្ហាញពីការសហការល្អរវាងភាគីពាក់ព័ន្ធ។