
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោកព្រមទាំងសហការីនិងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិក សមាជិកា បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណតិ្តទី៤ នៅឃុំចំណាលើ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយនឹង(បញ្ហាចំនួនបួន)ដែលត្រូវបានលើកឡើង និងដោះស្រាយនៅក្នុងវេទិកានេះ លោកអភិបាលស្រុកស្ទោងបាន ជំរុញបន្ថែមទៀតដល់អាជ្ញាធរឃុំចំណាលើ ត្រូវសិក្សាស្វែងយល់ពីសុខទុក្ខសុខុមាលភាពនិងតម្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្លួនឱ្យបានលម្អិតនិងច្បាស់លាស់បំផុត ដើម្បីពិនិត្យលទ្ធភាពក្នុងប្រើប្រាស់ថវិកាមូលនិធិឃុំឬសប្បុរសជន ដើម្បីឆ្លើយតបឱ្យត្រូវគោលដៅនិងជាអាទិភាពបំផុតជាពិសេស ទាំងតម្រូវការប្រចាំថ្ងៃនិងការផ្ដល់សេវាទូទៅ ជូនប្រជាពលរដ្ឋនៅតាមភូមិឃុំរបស់ខ្លួន។
ជាមួយនេះផងដែរលោក សាយ គឹមឡម បានអំពាវនាវដោយទទូចដល់យុវជនត្រូវខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាទំពាំងស្នងឬស្សី ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយបានណែនាំដ៏អាណាព្យាបាល ក៏ដូចជាជំនាញមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំណែនាំអំពីផលប៉ះពាល់នៃគ្រឿងញៀននិងប្រយុទ្ធប្រឆាំងឱ្យខាងតែបាននូវការលប់បំបាត់គ្រឿងញៀនឱ្យអស់ពីសង្គម។
លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក បានកោតសរសើរនិងលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរឃុំចំណាលើ ត្រូវខិតខំអភិវឌ្ឍន៍ឥរិយាបថ និងផ្ដល់សេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ហើយបានថ្លែងអំណរគុណជាអនេកដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាននិងឧតុនិយម និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងឯកឧត្តមចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវបេតុងប្រវែងជាង១០គីឡូម៉ែត្រ កម្រាស់០,២ម៉ែត្រ នៅក្នុងឃុំចំណាលើ និងឃុំចំណាលក្រោម ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការឆ្លើយតបនឹងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។