
(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងកងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ បានប្ដេជ្ញាចិត្ត និងរងចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលចំពោះបញ្ហាព្រំដែនការពារ សន្តិភាព ឯករាជ្យជាតិ បូរណភាព និងអធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ លោកឧត្តមសេនីយ៍ទោ បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដល់កងកម្លាំងចូលរួមប្រមាណ៣០០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ថ្លែងអំណរអរគុណដល់បងប្អូនកងកម្លាំងទូទាំងខេត្ត ដែលរយៈពេលកន្លងមកនេះ អស់លោក លោកស្រីចូលរួមយ៉ាងសកម្ម គោរពបទបញ្ជា ដែលថ្នាក់ដឹកនាំ ប្រគល់ជូន អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាភាពសុខក្សេមក្សាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ
“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ធំ បានសង្កត់ធ្ងន់លើផែនការងារជំនាញ និងកងកម្លាំងទាំងអស់ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពគឺ÷១.ផែនការងារព្រហ្មទណ្ឌ គឺប្រើប្រាស់វិធានការជំនាញ វិធានការច្បាប់បង្ការ ទប់ស្កាត់ បទល្មើស( លួច ឆក់ប្លន់ ឆបោក ក្មេងទំនើង ) និងបង្ក្រាបបានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់។ ២.ផែនការងារប្រឆាំងគ្រឿងញៀន ពង្រឹងការអនុវត្តច្បាប់ រួមគ្នាគិតរួមគ្នាធ្វើ ពុះពារព្យាយាម ដោយមានឆន្ទ: មនសិការ និងការលះបង់ខ្ពស់ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានទូទាំងខេត្តឱ្យថយចុះជាបន្តបន្ទាប់។ ៣.ការងារចរាចរណ៍ផ្លូវគោក បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈ បណ្ដាញទំនាក់ទំនងសង្គម ការធ្វើវេទិកាសាធារណ:គោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាព” និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបញ្ជៀសហានិភ័យ ដែលបង្ករដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតមានឡើងលើបងប្អូនប្រជាពលរដ្ឋ។ ៤-ផែនការងារអន្តោប្រវេសន៍: បន្តពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ។ ៥-ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ: គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ)។ ៦-ផែនការងារធនធានមនុស្ស: ពង្រឹងការគ្រប់គ្រងកងកម្លាំង ការអនុវត្តវិន័យ .ការលើកទឹកចិត្ត.ការបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងការចាត់បញ្ជូនមន្ត្រីនគរបាល ទៅបណ្ដុះបណ្ដាល តាមគោលការណ៍ របស់ថ្នាក់ដឹកនាំ។ ៧-ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ:គ្រប់គ្រង ត្រួតពិនិត្យ យុទ្ធោបករណ៍ ថែទាំ មធ្យោបាយសម្ភារៈ បច្ចេកទេស ហ្វឹកហាត់បំប៉នជំនាញ ផ្សព្វផ្សាយអំពីច្បាប់ និងបន្តចុះចែកទូរស័ព្ទសម្រាប់ទំនាក់ទំនង បំរើឲ្យកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ នាគ្រាជួបហេតុការណ៍ ចៃដន្យ។ ៨-ផែនការងារអត្តសញ្ញាណកម្ម : ធ្វើផែនការ តាមដានត្រួតពិនិត្យពន្លឿនការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ។
សូមបញ្ជាក់ផងដែរថា ចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៨១ឃុំ-សង្កាត់ ត្រូវពង្រឹងចលនាប្រជាការពារឃុំ-សង្កាត់នីមួយៗ បំផុសចលនាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។