ប្រជាពលរដ្ឋនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អបអរសាទរផលត្រីសំបូរឡើងវិញ ដោយសារកងទ័ព
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំសហការី និងស្ថាប័នជំនាញពាក់ព័ន្ធ ទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទ ធ្វើត្រីឆ្អើរ និងត្រីប្រហុកសម្រាប់ដោះស្រាយជីវភាពគ្រួសារ និងការលក់ដូរបន្តិចបន្តួច នៅក្នុងរដូវប្រាំង ក្រោយពីសម្រាកពីការងារច្រូតកាត់ប្រមូលផលស្រូវ នៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ហ៊ន ប៊ុនលី អនុប្រធានភូមិទួលនាងសាវ ឃុំផាត់សណ្តាយ បានបញ្ជាក់ថា៖ ឆ្នាំនេះ ផលត្រីមានការសំបូរឡើងវិញជាងឆ្នាំមុន ហើយបងប្អូនប្រជាពលរដ្ឋ និងអ្នកចំណូលស្រុកមកពីឃុំកំពង់គោ និងតំបន់នានានៅក្នុងខេត្តកំពង់ធំ បានមកប្រកបរបរនេសាទធ្វើត្រីឆ្អើរ និងត្រីប្រហុកផ្អកមានការសប្បាយចិត្ត ។ ហើយប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះកងទ័ព ដែលបានសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវហាមឃាត់នាពេលកន្លងទៅ ។
ឧត្ដមសេនីយ៍ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ស្ដីពីជលផលឲ្យបានគ្រប់ៗគ្នា ហើយខិតខំរួមគ្នាថែរក្សាធនធានមច្ឆជាតិរបស់យើងឲ្យសំបូរឡើងវិញ ។ ដូច្នេះយើងទាំងអស់គ្នា មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ជលផលជាដាច់ខាត ។
នៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានធ្វើដំណើរត្រួតពិនិត្យភូមិសាស្ត្រក្នុងតំបន់បឹងធំ ហើយនឹងបានណែនាំដល់អាជ្ញាធរដែនដី នៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ត្រូវក្តាប់ពត៌មានឲ្យបានច្បាស់លាស់ អំពីជនល្មើសមួយចំនួន ដែលមកពីតំបន់ផ្សេងៗ តែងតែឆក់ឱកាសមកលួចឆក់ត្រីនៅពេលយប់ នៅក្នុងតំបន់បឹងធំ ស្ថិតនៅក្នុងភូមិទួលនាងសាវនេះ ដេីម្បីកងកម្លំាងពួនស្ទាក់ចាប់ខ្លួនជនប្រព្រឹត្តបទល្មើសឲ្យបាន យកទៅផ្តន្ទាទោសតាមច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត ។

