អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ លើបាតុភូតភ្លៀងផ្គរ និងខ្យល់កន្ត្រាក់
(កំពង់ធំ)÷ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ លោក ប៉ុល សារ៉េន បានធ្វើការអំពាវនាវដូច្នេះក្នុងឱកាសដែលលោកព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងក្រុមការងារ ព្រមទាំងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកា ដល់ប្រជាពលរដ្ឋចំនួន១៧គ្រួសារ ដែលរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់ នៅក្នុងភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះលោកបានពាំនាំប្រាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា លោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ សុខទុក្ខសុខុមារភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនជាពិសេសការឧបត្ថម្ភគាំទ្រ និងចុះសួរសុខទុក្ខផ្ទាល់នៅក្នុងឱកាសនេះ។
លោកបន្តថាក្នុងនាមក្រុមការងារចុះមូលដ្ឋាន គឺនៅរួមរស់រួមសុខទុក្ខ លំបាក ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដូចការចុះសួរសុខទុក្ខ និងចែកអំណោយឧបត្ថម្ភ នៅក្នុងឱកាសនេះ គ្រាដែលពុកម៉ែបងប្អូនបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យមានការខូចខាតរលំនិងរបើកផ្ទះសម្បែង ដូចក្នុងឱកាសនេះជាទឹកតាងស្រាប់។
ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈ និងឯកសារអត្តសញ្ញាណពាក់ព័ន្ធក្នុងការទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំ ២០២៧ បានគ្រប់គ្រាន់ ជាពិសេសបោះឆ្នោតជូនគណបក្សដែលតែងតែនៅរួមរស់រួមសុខទុក្ខ និងជួយប្រជាពលរដ្ឋគ្រប់គ្រា គ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះក្រុមការងារបានឧបត្ថម្ភដល់ម្ចាស់ផ្ទះដែលរងគ្រោះទាំង១៧ ក្នុង១គ្រួសារបាននូវ÷ អង្គរ០១បេ ថវិកា៥ម៉ឺនរៀល ដោយឡែកម្ចាស់ផ្ទះ ដែលដួលរលំទាំងស្រុងទទួលបាននូវថវិកា៤០ ម៉ឺនរៀល និងបងស្រីដែលមានជីវភាពលំបាកខ្លាំងទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។

