ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទឹងស្ទោង និងសំណង់សិល្បការ្យជាប្រភពទឹកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករនៅក្នុងឃុំចំនួន៣ ក្នុងស្រុកស្ទោ
(កំពង់ធំ)÷ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទឹងស្ទោង និងសំណង់សិល្បការ្យ ជាប្រភពទឹកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករនៅក្នុងឃុំចំនួន៣ ក្នុងស្រុកស្ទោង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
លោក ថាំង វីយុទ្ធដា បានលើកឡើងដូច្នេះក្នុងឱកាសដែលលោកតំណាង ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ការងារសាងសង់ផ្លូវ និងការស្តារប្រឡាយទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកប្រធានក្រុមការងារបញ្ជាក់ថា ជាមួយនឹងទំនប់ស្ទាក់ទឹកស្ទឹងស្ទោង ព្រមទាំងសំណង់សិល្បការ្យ ប្រព័ន្ធប្រឡាយខ្វាត់ខ្វែង នៅក្នុងឃុំ បន្ទាយស្ទោង រុងរឿង និងឃុំព្រះដំរី បានជំរុញកំណើនជីវភាពប្រជាពលរដ្ឋនៅក្នុងបណ្ដាឃុំទាំងបីនេះ
ឱ្យកាន់តែប្រសើរឡើងថែមទៀតព្រមទាំងបណ្ដាឃុំផ្សេងៗដូចជាឃុំទ្រា ឃុំសំព្រោជ ឃុំចំណាលើ និងឃុំចំណាក្រោមផងដែរ ព្រោះប្រព័ន្ធនេះមានមានតួនាទីយ៉ាងធំធេងក្នុងការស្រោចស្រពស្រែស្រូវ កសិករ និង បញ្ចៀសស្ថានភាពទឹកជំនន់ផងដែរ។
ជាមួយគ្នានេះ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្ម រួមមាន៖
១) ការសាងសង់ផ្លូវ៖ ចំនួន១ខ្សែ ប្រវែង ១,៦០០ម៉ែត្រ ទទឹង៨ម៉ែត្រ ក្រាលដីក្រួសក្រហម ដោយតភ្ជាប់ពីភូមិចន្លុះ ទៅភូមិរលួស តាម៉ើ និងភូមិបន្ទាយស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
២) ការស្តារប្រឡាយស្រោចស្រព៖ ចំនួន ២ខ្សែ សរុបប្រវែង២,៥០០ម៉ែត្រ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកដោះនារដូវវស្សា បញ្ចៀសការលិចលង់ផលដំណាំស្រូវ និងជួយនាំទឹកពីស្ទឹងសម្រាប់ស្រោចស្រពដីកសិកម្មនារដូវប្រាំង។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ថាំង វីយុទ្ធដា បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញការដ្ឋានកសាងសំណង់ទាំងនេះ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ធានាបាននូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ដើម្បីជាប្រយោជន៍ក្នុងការបម្រើជីវភាពរស់នៅ បង្កើនសុខសុវត្ថិភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានទាំងមូល៕

