លោក ផាង វី នាំយកស៊ីម៉ង់ត៍ និងឥដ្ឋ ដែលជាការឧបត្ថម្ភរបស់ឯកឧត្ដមរដ្ឋមន្ដ្រី ប្រគល់ជូនសាលាបឋមសិក្សាទំពេជ ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោ
(កំពង់ធំ)÷ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ផាង វី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារនាំយកស៊ីម៉ង់ត៍ និងឥដ្ឋ ប្រគល់ជូនសាលាបឋមសិក្សាទំពេជ ស្ថិតក្នុងភូមិសាស្ត្រភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
នាឱកាសនោះ លោកប្រធានក្រុមការងារ បានពាំនាំនូវសេចក្ដីសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនចំពោះលោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ ព្រមទាំងបាននាំយកស៊ីម៉ង់ត៍ចំនួន៥តោន និងឥដ្ឋជាង៨,០០០ដុំ ប្រគល់ជូនសាលាបឋមសិក្សាទំពេជ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសិក្សាក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកប្រធានបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងកងកម្លាំងសរុប ២៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល និងសិស្សានុសិស្ស ៩៥នាក់ ក្នុង១នាក់ទទួលបាន ៥,០០០រៀលផងដែរ។
ក្រៅពីនេះ ក្រុមការងារក៏បានពិនិត្យ និងដោះស្រាយរាល់សំណូមពរចាំបាច់របស់ពលរដ្ឋតាមភូមិនីមួយៗ រួមមាន៖ ការស្ថាបនានិងជួសជុលផ្លូវលំ សាងសង់បន្ទប់ទឹក សាលាឆទាន បំពាក់អំពូលសូឡាបំភ្លឺផ្លូវ និងឧបត្ថម្ភអង្ករដល់គ្រួសារខ្វះខាត។ សកម្មភាពចុះជួយផ្ទាល់ និងទាន់ពេលវេលានេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដាច់ស្រយាល៕
