(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹកមកពីតំបន់មួយចំនួននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ព្រមទាំងពលករចំណាកស្រុកមកពីប្រទេសថៃ សរុបចំនួន ១០គ្រួសារ ដោយសារសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ទាហានសៀម ដែលបច្ចុប្បន្នបានមកស្នាក់នៅបណ្ដោះអាសន្ននៅក្នុងឃុំដងកាំបិត ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិសំព័រធំ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយសារការឈ្លានពានបូរណភាពទឹកដី ពីសំណាក់ទាហានសៀម មកលើបូរណភាពទឹកដីកម្ពុជា បានបណ្ដាលឲ្យប្រជាជន ដែលរស់នៅតាមព្រំដែនព្រំដែនកម្ពុជាថៃ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានភាសសឹកមកកាន់ស្រុកកំណើតវិញ។ ជាមួយនោះដែរ ពលករដែលទៅធ្វើការនៅប្រទេសថៃ ក៏ត្រូវបានពួកជ្រុលនិយមថៃធ្វើទុក្ខបុកម្នេញ ធ្វើឱ្យបងប្អូនវិលត្រឡប់មកកាន់លំនៅឋានវិញផងដែរ។
លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា បច្ចុប្បន្ននេះដោយមានការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយមានការគាំទ្រពីសំណាក់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលជាសហប្រធានប្ដូរវេនអាស៊ាន បានខិតខំប្រឹងប្រែងសម្របសម្រួលបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនកម្ពុជា ថៃ មានភាពស្ងប់ស្ងាត់។ ហើយជាមួយនោះដែរ សេនានុព័ន្ធយោធាបណ្ដាប្រទេសមួយចំនួន ព្រមទាំងអ្នកសង្កេតការណ៍អន្តរជាតិ បានមកត្រួតពិនិត្យបទឈប់បាញ់នេះ នៅតាមព្រំដែនកម្ពុជា ថៃ ផងដែរ ។
ប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលបានវិលត្រឡប់មកភូមិកំណើតវិញ មានការឈឺចាប់យ៉ាងខ្លាំងចំពោះការឈ្លានពានរបស់ទាហានថៃ មកលើប្រទេសកម្ពុជា និងការធ្វើទុក្ខបុកម្នេញ មកលើពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ និងបានថ្លែងនូវការគោរពដឹងគុណមិនអាចរកអ្វីប្រៀបផ្ទឹមពុំបានចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងដោះស្រាយឱ្យមានបទឈប់បាញ់នេះ ដែលមានការគាំទ្រពីអាស៊ាន និងពីសហគមន៍អន្តរជាតិ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក រួមជាមួយនិងតំណាងនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ និងសូមគោរពជូនពរសម្តេចតេជោ ដែលជាបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ ដើម្បីដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពជារៀងដរាបតទៅ ។
សូមបញ្ចាក់ថា៖ ប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកវិលមកពីប្រទេសថៃ ចំនួន ១០គ្រួសារ ដែលទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម, មីជាតិចំនួន ១កេស, ទឹកសុទ្ធចំនួន ១កេស, ត្រីខកំប៉ុង ចំនួន ១យួរ, ទឹកត្រីទឹកស៊ីអ៉ីវចំនួន ២យួរ, ទឹកពិសារបរិសុទ្ធចំនួន ១កេស, ថ្នាំពេទ្យមួយកញ្ចប់ និងភួយដណ្ដប់ចំនួនមួយផងដែរ។











