
(កំពង់ធំ)÷ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ លោក អួង សារឿង ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំចើងដើង ឃុំគគីធំ និងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ឃន ចាន់ថៃ បានបញ្ជាក់ថាក្រុមគ្រួសារកងទ័ព ដែលបានរស់នៅជាមួយស្វាមីក្នុងទីតាំងឈរជើងរបស់អង្គភាពនាពេលកន្លងទៅ បានភៀសខ្លួន មកកាន់ស្រុកកំណើតបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងទ័ពឈ្លានពានរបស់ប្រទេសថៃ បានបាញ់សន្ធាប់ ដោយអាវុធធុនធ្ងន់មកលើចំណុចឈរជើង របស់កងទ័ពនិងទឹកដីរបស់កម្ពុជា។ ដោយទ្រាំមិនបាននិងការបាញ់ផ្លោង និងងការប្រើប្រាស់កម្លាំងថ្មើរជើង វាយលុកឈ្លានពានជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ស្វាមីគាត់ បានសម្រេចបញ្ជូនភរិយា និងកូនចៅទាំងអស់មកកាន់ស្រុកកំណើតវិញជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព ហើយស្វាមីរបស់គាត់នៅបន្តកាន់អាវុធវាយទប់ទល់ជាមួយការឈ្លានពានពីពួកចោរសៀម។
លោក អួង សារឿង ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភ និងសូមមានការជឿជាក់លើ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែលើកទឹកចិត្ត និងចែកអំណោយដល់ភៀសសឹកគ្រប់ពេលវេលា ទីណាមានទុក្ខលំបាកទីនោះមានសម្តចទាំង២ គិតគូរដល់មូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ មី ត្រីខ ស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតផងដែរ។