
(កំពង់ធំ)÷ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងតំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណ៦០០នាក់ ដែលកំពុងមានជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន២ គឺឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជាកិច្ចចាប់ផ្តើម លោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក ថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំ អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំ ក្នុងការជួយដល់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយសារសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀមមកលើប្រទេសកម្ពុជា ដែលបានបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការបំពេញការងារនៅក្នុងស្រុកមានភាពងាយស្រួលច្រើនពោល សំបួរបែប។ ជាមួយគ្នានេះ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ ព្រោះមានប័ណ្ណ ប.ស.ស. និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណ និងគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំង នឹងសត្រូវឈ្លានពានទឹកដី ព្រមទាំងជូនពរដល់វីរៈកងទ័ពដែលរងរបួសសូមឱ្យបានឆាប់ជាសះស្បើយវិញ។