
(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថាប្រទេសកម្ពុជាត្រូវការសុខសន្តិភាពនិងការអភិវឌ្ឍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក ពលករ និងគ្រួសារកងទ័ពដែលបានធ្វើមាតុភូមិនិវត្តន៍ នៅស្រុកស្ទោងកាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបានបន្ថែមថា ថ្វីដ្បិតយើងត្រូវការដូច្នេះ ក៏ប៉ុន្តែចោរសៀមតែងតែបង្ការអរិភាព និងទន្ទ្រានបង្កជាសង្គ្រាមឈ្លានពានយ៉ាងកម្រោលមកលើព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសតាមក្រវ៉ាត់ព្រំដែនជួរភ្នំដងរែកដែលធ្វើឱ្យមានការខូចខាតជាដំណំដល់ប្រាសាទបុរាណជាច្រើនដែលជាកេរដូនតារបស់យើង ជាពិសេសប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានបង្កនៅទុក្ខលំបាកវេទនាដល់ជនស៊ីវិលស្លូតត្រង់ កុមារ ហើយភាពលំបាក និងទុក្ខវេទនាទាំងអស់នេះគឺជាទុក្ខវេទនារួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល។
ទន្ទឹមនឹងនេះឯកឧត្តមបានលើកទឹកចិត្តដល់ពលករដែលតែងតែធ្វើការនៅស្រុកក្រៅសូមងាកមកធ្វើការនៅក្នុងមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការកម្លាំងពលកម្មជាច្រើនហើយពលករ កម្មករនឹង ទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុកជាជាងធ្វើការងារនៅប្រទេសថៃ ដែលវាតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង។
លើសពីនេះក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រស្អេកស្កះ ប្រជាពលរដ្ឋ ពលករ កសិករ អាចធ្វើការដាំដុះស្រែស្រូវចម្ការនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយភាពជឿជាក់ និងទំនុកចិត្តជាពិសេសបងប្អូនពលករអាចធ្វើការជាកម្មករនៅក្នុងមូលដ្ឋានស្រុកស្ទោង ឬខេត្តកំពង់ធំ ជាមួយនឹងរោងចក្រដ៏ធំជាច្រើន ជាពិសេសរោងចក្រស្វាយចន្ទី ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជារោងចក្រស្វាយចន្ទីធំជាងគេនៅក្នុងតំបន់ថែមទៀត ហើយត្រូវការកម្លាំងពលកម្ម និងពលករជាច្រើនកន្លែង។
សូមបញ្ជាក់ថានៅក្នុងឱកាសនេះមានគ្រួសារពលករនិងជនភៀសសឹកសរុប២៩៩នាក់ ក្នុង១នាក់ទទួលបាននូវ÷ អង្ករ ឮ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ សាច់ក្រក១គីឡូក្រាម ត្រីងៀត១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ដោយឡែកគ្រួសារយុទ្ធជនជួរមុខចំនួន១៧នាក់ ក្នុង១នាក់ទទួលបាននូវ÷គ្រឿងឧបភោគបរិភោគដូចគ្នាព្រមទាំងថវិកាបន្ថែមចំនួន៤០ម៉ឺនរៀល ពីប្រធានក្រុមការងារផងដែរ។