
(កំពង់ធំ)÷ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំស្តីពី ផ្សព្វផ្សាយសេចក្តីណែនាំ ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (ឆ្នាំ ២០២៦-២០២៨) ក្រោមអធិបតីភាព លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី វេត អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានា ដែលបានចូលរួមកិច្ចប្រជុំ ក្នុងគោលបំណង ទទួលបានការណែនាំបច្ចេកទេស ឱ្យបានច្បាស់លាស់ ជាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលរងខេត្ត បានជម្រាបថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំនេះ ជាផ្នែកសំខាន់នៃផែនការអភិវឌ្ឍន៍ ឬសកម្មភាពជាក់ស្តែង និងពេលវេលាច្បាស់លាស់ សំដៅលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍនៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំព្រមទាំងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំស្របតាមក្របខណ្ឌចំណាយរយៈពេលមធ្យម (MTEF) របស់រដ្ឋបាលខេត្ត។
ឯកឧត្តម បន្តទៀតថា ដោយផ្អែកលើលទ្ធផលការងារ ដែលក្រុមការងារកសាងផែនការខេត្តបានខិតខំប្រមូលធាតុចូលតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក និងបានធ្វើការបូកសរុបតម្រូវតាមគម្រោងសកម្មភាពជាអាទិភាពទូទាំងខេត្ត។បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត បានអនុម័តសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តក្នុងឆ្នាំ២០២៦-២០២៨ កន្លងទៅថ្មីៗនេះ ជាពេលវេលាសមស្របដែលក្រុមការងារត្រូវបន្តដំណើរការទៅតាមជំហានគឺ “ការបញ្ចប់ជំហានទី១ និងការចាប់ផ្តើមសកម្មភាពទី១ នៃជំហានទី២៖ រៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល”។
ក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវដល់ស្ថាប័នពាក់ពន្ធ័ទាំងអស់ បង្កើនការទទួលខុសត្រូវ យកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់ក្រុមការងារកសាងផែនការ ដើម្បីធានាថាការរៀបចំកម្មវិធីវិនិយោគនេះសម្រេចបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។