
(ខេត្តកំពង់ធំ)÷នាពេលកន្លងទៅថ្មីៗនេះសមាគមស្វាយចន្ទីកម្ពុជា (សសក) បានរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មដោយជោគជ័យ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការអធិបតី ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកចូលរួមចំនួន៩១នាក់ រួមទាំងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារស្វាយចន្ទីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ក៏មានការចូលរួមពីតំណាងមកពីសហគមន៍កសិកម្ម ចំនួន៤៥មកពីខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ និងខេត្តព្រះវិហារ រួមជាមួយនឹងសហគ្រាសក្នុងស្រុក និងអន្តរជាតិចំនួន១៦មកពីប្រទេសបារាំង ចិន ម៉ុងហ្គោលី និងកម្ពុជា។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីធនាគារវីង ធនាគារស្ថាបនាលីមីតធីត ធនាគារ ARDB ធនាគារ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនខ្មែរ ក៏បានចូលរួមក្នុងការពិភាក្សាផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពី EU – German Capsafe , HEKS / EPER Cambodia ,គម្រោង ASCEP , WCS , Oxfam ,និង Pearl – FAO ដែលទាំងអស់នេះបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្គូផ្គងអាជីវកម្ម។
ឯកឧត្តមបណ្ឌិត សួង ណយ បានបង្ហាញពីរគោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនពាណិជ្ជកម្មក្នុងស្រុកនៃគ្រាប់ស្វាយចន្ទីឆៅ និងកាត់បន្ថយលំហូរចេញប្រហែល ៣០ភាគរយនៃផលិតកម្មចន្ទីសរុប របស់កម្ពុជាទៅកាន់ទីផ្សារខាងក្រៅ។ សសកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ខ្លួនក្នុងការកែលម្អលទ្ធកម្មក្នុងស្រុក និងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានកោតសរសើរដល់សហគមន៍កសិកម្មបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញដែលមានការទទួលខុសត្រូវ និងអាចទុកចិត្តបាន ខណៈដែលអ្នកទិញបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាគុណភាព និងការត្រួតពិនិត្យនៅក្នុងការផ្គត់ផ្គង់គ្រាប់ឆៅ ។ លក្ខខណ្ឌនៃការទូទាត់ដែលបានពិភាក្សា គឺផ្តោតជាសំខាន់ជុំវិញគំរូទូទាត់ភ្លាមៗ ដោយមានការផ្ទេរប្រាក់តាមធនាគារ ជាវិធីសាស្ត្រដែលគ្រប់គ្នាទទួលយក។
ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានបញ្ជាក់ថាសហគ្រាសដែលចូលរួម បានប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍កសិកម្ម និងឈ្មួញកណ្តាលដើម្បីស្វែងរកការរៀបចំកសិកម្មតាមកិច្ចសន្យា។ កិច្ចប្រជុំបន្ទាប់គ្រោងនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ដែលក្នុងអំឡុងពេលនោះ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យាផ្លូវការត្រូវបានគេរំពឹងថានឹងធ្វើ។