
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាទដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ,ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពាន ចំនួន ២៥គ្រួសារ ដែលកំពុង រស់នៅលើដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ធិបតី ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលសម្តេច និងលោកជំទាវតែងតែមានការព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិហើយជាមួយនោះដែរសម្ដេចក៏បានសុំផ្ដាំផ្ញើសាកសួរសុខទុក្ខចំពោះពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលបានភៀសសឹកដោយសារសង្គ្រាមឈ្លានពានមកពីតំបន់សមរភូមិប្រយុទ្ធនៅតាមព្រំដែនកម្ពុជា-ថៃ និងបានសូមជូនពរដល់បងប្អូន និងពូមីងទាំងអស់ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ទូទៅស្ដីពីសង្គ្រាមឃ្លានពានដ៍ឃោឃៅព្រៃផ្សៃ ពីសំណាក់ពួកចោរសៀម មកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា រយៈពេល ៥យប់ ៥ថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ ព្រមទាំងស្ថានការណ៍ក្រោយមានបទឈប់បាញ់ ដែលបានសម្របសម្រួលដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ,តំណាងភាគីចិន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន។ តែភាគីថៃនៅតែរំលោភបំពានជាបន្តបន្ទាប់ ដោយបានចល័តកងទ័ព រាយលួសបន្លា ដាក់កង់ឡាន រំលោភព័ទ្ធយកផ្ទះប្រជាពលរដ្ឋ ទន្ទ្រានយកទឹកដីកម្ពុជា ដោយគ្មានការកោតក្រែងអំពីច្បាប់អន្តរជាតិ ដែលកម្ពុជាបានអត់ធ្មត់ និងគោរពយ៉ាងមុឺងម៉ាត់នូវកិច្ចព្រមព្រាងទាំង១៣ ចំណុច ដែលភាគីទាំងពីរបានចុះហត្ថលេខាក្នុងកិច្ចប្រជុំ GBC នៅបរទេសម៉ាឡេស៊ីនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ។
ជាមួយនេះដែរ ឧត្តមសេនីយ៍ទោម សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ នូវភាពឈឺចាប់អំពីការឈ្លានពានដយោងឃ្នងនេះ ហើយត្រូវតែជឿជាក់លើការដឹកនាំប្រកបដោយភាពឈ្លាសវៃ ម៉ឺងម៉ាត់ អត់ធ្មត់ខ្ពស់បំផុត របស់សម្តេចតេជោ ធិបតី ដើម្បីជោគជ័យ និងសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជាយេីងទាំងមូល ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារតីតយុទ្ធជន ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋភៀសសឹក ចំនួន ២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ត្រីខកំប៉ុងចំនួនមួយយួរ និងទឹកត្រីទឹកស៊ីអ៉ីវចំនួន ២យូរផងដែរ។