
(កំពង់ធំ )÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំសមាជិក សមាជិកាសហការី កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៦ ជាមួយញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត ករណីដើម ស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
លោកប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានឱ្យដឹងថា ការចូលរួមសូត្រមន្ត កាន់បិណ្ឌ វេនបិណ្ឌនៅក្នុងឱកាសដ៏វិសេសវិសាលនេះ គឺជាការចូលរួមថែរក្សានូវទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាបុព្វការីជនបានបន្សល់ទុកឱ្យក៏ដូចជាការផ្សាភ្ជាប់រវៀងពុទ្ធចក្រ និងអាណាចក្រ រវៀងរដ្ឋបាលស្រុកស្ទោងជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែមានទំនាក់ទំនងក៏ដូចជាសហការល្អរវាងគ្នានឹងគ្នា ជាពិសេសទៀតរវាងរដ្ឋបាលស្រុកស្ទោង ជាមួយព្រះមន្ត្រីសង្ឃ ជាមួយសាលាអនុគណស្រុកស្ទោង និងព្រះគ្រូចៅអធិការ វត្តករណីដើម ព្រះអង្គគ្រូព្រះភិក្ខុញាណបញ្ញា សុខ សំបូរ និងអនុប្រធានសង្ឃអធិការកិច្ច ហើយព្រះអង្គចៅអធិការ និងលោកអាចារ្យគណៈកម្មការវត្តតែងតែចូលរួមគ្រប់សកម្មភាពជាមួយរដ្ឋបាលស្រុកស្ទោង ជាពិសេសបានចូលរួមកសាងនូវរូបសំណាក ធ្នូសទោង ដែលជាអត្តសញ្ញាណនិងជានិមិត្តរូបរបស់ស្រុកស្ទោង ហើយមានប្រវត្តិយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងប្រវត្តស្រុកស្ទោងផងដែរ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានគូសបញ្ជាក់ថាការសន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះនិងអនាគតជាតិព្រមទាំងបួងសួងឧទ្ទិសកុសលដល់ព្រះវិញ្ញាក្ខ័ន្ធ និង វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ បុព្វការីជន ជាពិសេសវីរៈយុទ្ធជនកងទ័ពជួរមុខដែលបានពលីជីវិតថ្មីៗក្នុងបុព្វហេតុជាតិមាតុភូមិ សាសនា ព្រមទាំងព្រះមហាក្សត្រ ពីការឈ្លានពានយ៉ាងកម្រោលរបស់ចោរសៀមផងដែរ មកលើបូរណភាពដែនដីសុវណ្ណភូមិនៃយើងដែលកំពុងរស់នៅយ៉ាងសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអាណត្តិទី៧នេះ។
សូមបញ្ជាក់ថា នៅក្នុងពិធីសូត្រមន្តនេះដែរលោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុកស្ទោង ក៏បានប្រគេននូវបច្ច័យមួយចំនួន ភេសជ្ជ: គ្រឿងឧបភោគបរិភោគ ទេយ្យទាន ដល់ព្រះសង្ឃនិងចែកទានដល់យាយតាដែលអញ្ជើញចូលរួមនៅក្នុងឱកាសនេះចំនួនជាង២០០នាក់ និងកុមារាកុមារីជាង១០០ នាក់ថែមទៀតផងដែរ។