
អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបាន សុខសន្តិភាពយ៉ាងពេញលេញ ជម្រុញឲ្យមានកសាងអភិវឌ្ឍន៍
ភាពរីកចម្រើនគ្រប់វិស័យ ជាពិសេស បានផ្ដល់ភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋ មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការជួបជុំប្រារព្វពិធីបុណ្យទាន តាមទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង នៅតាមទីវត្តអារាម
ធានាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី អៀង លឹមចេង បានដឹកនាំកងកម្លាំង និមន្ត
ព្រះសង្ឃ សូត្រមន្ត ចម្រើនព្រះបរិត្ត ប្រោះព្រំ សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ រសៀលថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២៥
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងនិងលោកស្រី អៀង លឹមចេង បានបូជា ផ្កាភ្ញី ទៀនធូប
ជូនព្រះពុទ្ធរូប និងប្រគេនបច្ច័យ ទ័យទាន អង្ករចំនួន ១០ បេ ស្មើនឹង ៥០០ គីឡូក្រាម ភេសជ្ជៈចំនួន ២០ កេស ជូនចំពោះព្រះសង្ឃ ។
លោកស្នងការ និងលោកស្រី បាន
ឧទ្ទិសកុសល ផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរសខ្មែរ ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតប្រទេសជាតិទទួលបានសុខសន្តិភាព យ៉ាងពេញ នាពេលបច្ចុប្បន្ននេះ សូមអោយដួងវិញ្ញាណក្ខន្ធ អស់លោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំង បួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា អភិបាល ប្រោះព្រំ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួល បានសុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឈ្លាសវៃ ជៀសផុតពីជម្ងឺកាចសាហាវដើម្បីបន្តចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយបន្ថែមទៀត ។
សូមបញ្ជាក់ដែរថា ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ
ហេង សុផល បានដឹកនាំកងកម្លាំងតុបតែងភ្លើងចំរុះពណ៌ ទង់ជាតិ ទង់ជ្វាលា គោម ស្បៃរំយោល ម្អរ លើកកម្ពស់សោភ័ណភាព និងរៀបចំសម្តែងនូវរបាំត្រុដិ ដើម្បីសុំសេចក្តីសុខសប្បាយបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ លើករាសីសម្រាប់ឆ្នាំថ្មី ព្រមទាំងរៀបចំគ្រឿង រណ្តាប់ ផ្កាភ្ញីសែនព្រេន ទទួលទេវតាឆ្នាំថ្មី តាមទំនៀមទម្លាប់របស់ប្រជាជនខ្មែរយើង ៕