
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី អញ្ជើញទៅត្រួតពិនិត្យទីតាំងដី សម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ស្ថិតនៅអតីតទីតាំងព្រលានយន្តហោះចាស់ ភូមិវ័ល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅពេលដ៍ខ្លីខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍បញ្ជាក់ជូនថា កន្លងមកនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត កំពង់ធំ បានស្នើសុំគោលការឯកភាព ពីក្រសួង ស្ថាប័នសាមុី ដែលមានការពាក់ព័ន្ធ និងគោរពស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំការសម្រេចផ្តល់ដី សម្រាប់ការសាងសង់បណ្ដាអគាររដ្ឋបាលរបស់ស្ថាប័នអង្គភាពមួយចំនួន ជាមួយនោះក៏មានទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានរាយការណ៍ជូនឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀតថា ថ្មីៗនេះ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម គណៈកម្មាធិការសមាគមអតីតអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដំណើរការចាក់បំពេញផ្ទៃដី លើទីធ្លា សម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជន បានមួយផ្នែកធំរួចមកហើយ ហើយនៅពេលក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នឹងបន្តចាក់បន្ថែមទៀតតាមផែនការដែលឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ បានប្រគល់ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានថ្លៃងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមជាមួយក្រសួងស្ថាប័នមានការពាក់ព័ន្ធ ដែលបានផ្ដល់ដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ ដើម្បីបម្រើនិរន្តរភាពការងាររបស់សមាគមអតីតយុទ្ធជន ហើយដែលជាទីប្រាស្រ័យទំនាក់ទំនងការងារ និងជាមជ្ឈមណ្ឌលសម្រាប់ដោះស្រាយ នូវរាល់បញ្ហាផ្សេងៗជូនដល់បងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ។
ឯកឧត្តមទេសរដ្ឋមន្ត្រីនេះឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ត្រូវបន្តទំនាក់ទំនងជាមួយឯកឧត្តមអភិបាលខេត្ត រួមជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំដីឲ្យបានសមស្រប តាមទំហំការងាររបស់អតីតយុទ្ធជននៅពេលអនាគត នឹងត្រូវប្រុងប្រៀបការឈូយឆាយចាក់ដីបំពេញបន្ថែម និងការប្រុងប្រៀបអញ្ជើញសមាសភាព និងប្រុងប្រៀបពិធីការផ្សេងៗបម្រើឲ្យការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជននៅពេលខាងមុខនេះ ឲ្យបានសមរម្យ និងទទួលបានជោគជ័យ ។