(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុង វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្ដីអំពី ការអប់រំសម្រាប់កុមារនៅបឋមសិក្សាក្នុងខេត្តកំពង់ធំ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងគាំទ្រដោយអង្គការកូហ្វាព(COFAP) និងអង្គការទស្សនៈពិភពលោក អន្តរជាតិ កម្ពុជា (WVI-C) ប្រចាំនៅខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំភោជនីយដ្ឋានឡូវ គឹមសេង។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីកញ្ញា ឡាយ ស៊ីថុន ប្រធានប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំខេត្តកំពង់ធំ-ក្រចេះ និងមណ្ឌលគិរី ព្រមទាំងសហការី លោក អ៊ុត វុឌ្ឍី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជាការនៃរដ្ឋបាល ក្រុង/ស្រុកទាំង៤ (ស្ទឹងសែន ស្ទោង សន្ទុក និងកំពង់ស្វាយ) មន្ត្រីនៃរដ្ឋបាលឃុំ/សង្កាត់ ក្នុងតំបន់គោលដៅ លោកតំណាងអង្គការក្រៅរដ្ឋាភិបាល ក្រុមការងារគាំទ្រវិស័យអប់រំ (ESWG) ខេត្តកំពង់ធំ និង លោកនាយក លោកស្រីនាយិកា លោកគ្រូអ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា អ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្សចំនួន១៥៩នាក់។
ថ្លែងនៅក្នុងកម្មវិធីនេះកញ្ញា ឡាយ ស៊ីថុន ប្រធានប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកអន្តរជាតិបាន លើកឡើងថា ការគាំទ្រ និងរៀបចំកម្មវិធីនេះ ជាកិច្ចសហការដ៏ស្និទ្ធស្នាលមួយ ដើម្បីផ្តល់លទ្ធភាពឱ្យអង្គការទស្សនៈពិភពលោក នៅតែអាចរួមចំណែកធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ កាន់តែកក់ក្តៅ និងលើកកំពស់ការផ្លាស់ប្រែសហគមន៍ ពិសេសជុំវិញវិស័យអប់រំ នៅតាមស្រុក និងឃុំបន្ថែមទៀត។ អង្គការនៅតែ បន្តចូលរួមនៅក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន ទាំងកម្រិតមត្តេយ្យ និងបឋមសិក្សា ដែលផ្តោតសំខាន់លើលទ្ធផលសិក្សារបស់សិស្ស ពិសេសសិស្សរៀនយឺត បច្ចេកទេសនៃការបង្រៀន និងរៀន ពង្រឹងការចូលរួមរបស់សហគមន៍ ក៏ដូចជាគណនេយ្យភាពរបស់គណគ្រប់គ្រងសាលារៀន។ កញ្ញាបានបន្ថែមទៀតថា ការលើកកម្ពស់ការចូលរៀន តាមរយៈការពង្រឹងលើសុខភាពសិក្សា បរិក្ខាអនាម័យ ទឹកស្អាត និងកម្មវិធីផ្តល់អាហារតាម សាលារៀន និងការពង្រឹងលើផែនការអភិវឌ្ឍសាលា ទាំងនៅកម្រិតមត្តេយ្យសហគមន៍ និងបឋមសិក្សា ជាសកម្មភាពស្នូលដែលអង្គការទស្សនៈពិភពលោក បាននិងកំពុងដាក់បញ្ចូលលើផែនការប្រចាំឆ្នាំរបស់ខ្លួន និងផែនការប្រតិបត្តិអប់រំ ដែលបានរួមបញ្ចូលជាមួយមន្ទីរ អប់រំ និងអង្គការដៃគូនានាក្នុងខេត្តផងដែរ ។
ឯកឧត្តម ព្រឹម រដ្ឋា បានគូសបញ្ជាក់ថាស្របជាមួយ គោលដៅនៃផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ២០២៤-២០២៨ ដែលផ្តោតលើកត្តាបីសំខាន់ៗគឺ៖ ១.គុណភាព សំដៅលើការកែលម្អការបង្រៀន និងការរៀន តាមរយៈការបណ្តុះបណ្តាលគ្រូបង្រៀន ការបង្កើតកម្មវិធីសិក្សាថ្មី ដែលជំរុញការគិតវិភាគ សីលធម៌ និងការរៀនជីវិតពេញមួយជីវិត។ ២.សមធម៌ គឺធានាឱ្យកុមារទាំងអស់ រួមទាំងកុមារក្រីក្រ កុមារដែលមានពិការភាព និងកុមារដែលនៅតំបន់ឆ្ងាយ ត្រូវបានអនុញ្ញាតឱ្យចូលរៀនដោយមានឱកាសស្មើគ្នា និងទទួលបានសេវាអប់រំដែលសមស្រប។ ៣ .ការចូលរួមសកម្មរបស់សហគមន៍ យើងលើកទឹកចិត្តឱ្យមាតាបិតា អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងសហគមន៍ទាំងមូល ចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងសាលារៀន ការតាមដានលទ្ធផលសិក្សា និងការផ្តល់ការគាំទ្រដល់កុមារឆ្លើយតបនឹងសេចក្តីត្រូវការមូលដ្ឋានរបស់ពួកគេ។
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់គឺ សូមឱ្យលោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ កែលម្អ និងអនុវត្តវិធីសាស្ត្របង្រៀន ស្របតាមកម្មវិធីសិក្សាថ្មី ដែលទទួលបានការបណ្តុះបណ្តាលពីក្រសួងអប់រំ និងអង្គការដៃគូនានា ដែលបានផ្តល់ជូននាពេលថ្មីៗនេះ ឱ្យកាន់តែប្រសើរឡើង ជួយបំប៉នបន្ថែមដល់សិស្សរៀនយឺតក្នុងថ្នាក់របស់ខ្លួន និងជួយជំរុញឱ្យសិស្សអានបន្ថែមនៅបណ្ណាល័យ និងនៅផ្ទះ។ លោកនាយក/នាយិកាសាលាត្រូវពង្រឹងលើការ គ្រប់គ្រងវត្តមាន និងម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូ តាមដានកម្មវិធីបង្រៀន ការងារបរិស្ថាន ការទំនាក់ទំនងជាមួយមាតាបិតាសិស្ស ។ គណកម្មការគ្រប់គ្រងសាលារៀន ដឹកនាំការប្រជុំជាប្រចាំជាមួយក្រុមប្រឹក្សាគរុកោសល្យទាំងកម្រិតថ្នាក់រៀន និងកម្រិតសាលារៀន ជាពិសេសចូលរួមអនុវត្តស្តង់ដា សាលារៀនគម្រូ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះមានគោលបំណងសំខាន់
១) ឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពនៃផែនការសកម្មភាពពីវេទិការៀនសូត្រកន្លងទៅ។ ២) ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗ ពាក់ព័ន្ធនិងលទ្ធផលនៃការរៀនសូត្ររបស់កុមារ ជាពិសេសកុមារបាត់បង់ឱកាស/កុមារងាយរងគ្រោះ តាមរយៈការពិភាក្សាតុមូល លើប្រធានបទ ការជួយសិស្សរៀនយឺត។ ៣) ស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និង អ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមចំពោះគុណភាពនៃការសិក្សារបស់កុមារងាយគ្រោះ និងកុមារបាត់បងឱកាសសិក្សា។




















