(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ តុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ
វិច្ឆិកា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងសោកស្តាយចំពោះការបាត់បង់យុទ្ធមិត្តម្នាក់ ក្នុងជួរកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិសាស្ត្រ ស្រុក តាំងគោក កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៥នេះ គឺលោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងមន្ត្រីនគរបាលម្នាក់ទៀតរបួសធ្ងន់ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាល គ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានលះបង់កម្លាំង
កាយចិត្ត ធនធាន សម្ភារៈ ថវិកា ចូលរួមចំណែកបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្ត
រហូតទទួលបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ ។
បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ ស្នងការ បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងអធិការនគរបាលក្រុង-ស្រុក ÷
១-ត្រូវរៀបចំផែនការសកម្មភាព ជាត្រីវិស័យសម្រាប់អនុវត្ត បែងចែកប្រគល់ភារកិច្ច ដល់មន្ត្រីគ្រប់ៗរូប
តាមឋានានុក្រម ។
២-ពង្រឹងរបៀបរបបការងារ របស់ផែនជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តតួនាទី ភារកិច្ច តាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
៣-ប្រជុំត្រួតពិនិត្យលើការអនុវត្ត តួនាទី ភារកិច្ច នាពេល
កន្លងមក ដកបទពិសោធន៍ ផ្លាស់ប្ដូរយោបល់ លើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីឈានទៅសម្រេចបានស្នាដៃ ជោគជ័យថ្មីៗ បន្ថែមទៀត ស្របតាមតម្រូវការ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
៤-ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្វះកម្លាំង ត្រូវបញ្ចុះកម្លាំង ពីអធិការដ្ឋាននគរបាលក្រុង-ស្រុក តាមការកំណត់រយៈពេលវែង ឬខ្លី ដើម្បីជួយទ្រោលសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ និងត្រៀមកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ នាគ្រាជួយការលំបាក ៕


















