
(កំពង់ធំ)÷ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩
ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្ស ជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ ភារកិច្ចរបស់ខ្លួនបន្ថែមទៀតសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានមកដល់ពេលខាងមុខនេះ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ក្នុងពិធីសូត្រមន្ត ប្រោះព្រំទទួលទេវតាឆ្នាំថ្មីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីគណបក្សផងដែរ។
ពិធីសូត្រមន្ត ប្រោះព្រំលើករាសីទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃចំនួន០៧ព្រះអង្គ សូត្រមន្តចម្រើន ព្រះបរិត្ត ជយន្តោសុំសិរីសួរស្តីកើតមានដល់ថ្នាក់ដឹកនាំ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៅក្នុងកិច្ចការឆ្នាំថ្មីទទួលបានជោគជ័យ។
ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ទទួលបានជោគជ័យ និងមានសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ ក្នុងការដឹកនាំគ្រប់គ្រងលើកិច្ចការងារជំនាញរបស់ខ្លួនគួរឱ្យកត់សម្គាល់។ ជោគជ័យដែលជាផ្លែការដែលគណបក្សនាពេលនេះ គឺដោយសារ ការចូលរួមរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលជាមន្រ្តីជំនាញក្នុងអង្គភាពបានខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តបានតាមផែនការនានា។
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា ការចូលរួមពីមន្រ្តីគណបក្សនាថ្ងៃនេះដើម្បីបានជួបជុំគ្នា និងបានធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាក្ខ័ន្ធ ជីដូនជីតា បុព្វការីជន ដែលបានចែកឋានទៅហើយនោះមកទទួលយកមនុញ្ញផល និង ប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការកើតមានដល់ក្រុមគ្រួសារមន្រ្តីរាជការ នៃមន្ទីរព័ត៌មានផងដែរ និង ទទួលបានជោគជ័យថ្មីៗសម្រាប់ឆ្នាំបន្តទៀត ដោយរួមគ្នាអនុវត្តឱ្យបាននូវផែនការថ្មីៗជាបន្តទៀត។