ថ្ងៃចន្ទ ៤កើត ខែមិគសិរឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានដូចខាងក្រោម៖
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលគិរី ដោយសហការជាមួយគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រចាំការនៅក្បាលកោះស្តីការទូ ឃុំពាមឆ្កោក និងសហគមន៍នេសាទភូមិថ្មី
កម្លាំងចូលរួម២៣នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៧គ្រឿងបានចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច កបឹងក្រាយ បឹងដា ខាងកើតភូមិពាមឆ្កោក ឃុំពាមឆ្កោក និងឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលអនុវត្តបាន ឯកឧត្ដម អនុរដ្ឋលេខាធិការបានធ្វើការ អប់រំ ណែនាំ ដល់ប្រជានេសាទ អំពីច្បាប់ស្តីពីជលផលនៃការប្រើប្រាស់ឧបករណ៍នេសាទលប រួមផ្សំរបាំងព្រួល ពាក់ព័ន្ធនឹងក្រឡាសាច់អួន និងប្រវែង របាំងព្រួលរួមផ្សំ និងបានជំរុញឲ្យសមត្ថកិច្ចយើងបន្ត ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះដែរយើងបានធ្វើការកាត់តម្រឹមរបាំងសាច់អួនវែងៗ ដែលខុសទៅនឹងច្បាប់ស្តីពីជលផល ចំនួន០១ករណី៖
– របាំងសាច់អួនចំនួន ៤កន្លែង ប្រវែង ៨០០ម៉ែត្រ លូសាច់អួនចំនួន ៨មាត់
– បង្គោលចំនួន ៣៥០ដើម
-ចាក់លែងត្រីចំនួន ៥០គក្រ ។







