ឯកឧត្ដម សោម ស៊ុន ដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងដាក់ចេញវិធានការពង្រឹងគុណភាពសមាជិកគណបក្ស
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម សោម ស៊ុន សមាជិកគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន ឃុំ បានដឹកនាំក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ តំណាងយុវជន គណបក្សឃុំ ភូមិ បេីកកិច្ចប្រជុំជីវភាពបក្សប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ពិសេសវិធានការពង្រឹងគុណភាពសមាជិកគណបក្សដែលមានស្រាប់ ។ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត ស្រុកសណ្តាន ខេត្តកំពង់ធំ ។
លោក លន់ យ៉េន ប្រធានគណបក្សឃុំដងកាំបិត បានឡើងរាយការណ៍អំពី សេចក្ដីព្រាង នៃសភាពការណ៍ទូទៅនៅក្នុងឃុំ និងសកម្មភាពការងាររបស់គណបក្សឃុំ រួមជាមួយក្រុមការងារ ដែលបានអនុវត្តន៍កន្លងមក ដោយបានលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្វះខាត ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកេីតឡេីង និងទិសដៅដែលត្រូវអនុវត្តន៍បន្ត ជូនអង្គប្រជុំដេីម្បីពិភាក្សា និងសម្រេច ។
បន្ទាប់ពីអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ។ ឯកឧត្ដម សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំ ដែលបានរួមគ្នាជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ក្នុងការបំពេញភារកិច្ចបម្រើប្រជាជនបានយ៉ាងល្អប្រសើរ ។ ជាមួយនោះបានរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាជន និងសមាជិកគណបក្ស បានទាន់ពេលវេលាតាមអ្វីដែលអាចធ្វើទៅបានផងដែរ។
ឯកឧត្ដម សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងក្នុងការកសាងពង្រីកសមាជិកបក្សថ្មី ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឆ្នាំ២០២៥ នេះ ដែលឃុំដងកាំបិត ស្រុកសណ្តាន យេីងមានសមាជិកបក្ស ចំនួន ៨៦,០៣% រួចហើយ ។ ហើយចំពោះមុខនេះ ថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ រួមជាមួយក្រុមការងារ ត្រូវពុះពារពង្រឹងរចនាសម្ព័ន្ធចាត់តាំង ក្រុមបក្ស ក្នុងការគ្រប់គ្រងសមាជិកបក្ស ដេីម្បីពង្រឹងគុណភាពបក្ស ក្នុងទិសដៅសមាជិកបក្សមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក ដែលបានបោះជូនគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ។ ជាមួយនេះដែរត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិ ដេីម្បីឈានទៅដណ្ដើមយកជ័យជម្នះជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៨ ខាងមុខនេះ ។

