រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ មានផ្ទៃដីចំនួន ១.២១៣ ហិកតា មុខសញ្ញាអ្នកទទួលដី ចំនួន ៤៣៧គ្រួសារ និងឃុំទំរីង ស្រុកសណ្តាន់ មានផ្ទៃដីចំនួន ៨៧១ហិចតា មុខសញ្ញាអ្នកទទួលដី ចំនួន ៣៧៦គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម យី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ចំររើន មុទិតា តំណាងធនាគារពិភពលោក នៅវត្តកំពង់ជ្វា ក្នុងស្រុកប្រាសាទសំបូរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានចូលរួមអបអរសាទរ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលដីនៃគម្រោង (LASED III) នេះ។ ហើយការចាប់ឆ្នោតជ្រើសរើសយកឡូត៍ដី នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) គឺជាផ្នែកមួយនៃកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យមានការគោរពគោលការណ៍ សមធម៌ តម្លាភាព ស្ថេរភាព ចំពោះប្រជាពលរដ្ឋ ជាពិសេសក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអនុវត្តតាមនីតិវិធីក្នុងការអនុវត្តគម្រោងនេះបានត្រឹមត្រូវ ព្រមទាំងបានកំណត់មុខសញ្ញាប្រជាពលរដ្ឋទទួលដីនេះ មានជីវភាពខ្វះខាតពិតប្រាកដ និងជាប្រជាពលរដ្ឋរស់នៅក្នុងឃុំគោលដៅយ៉ាងពិតប្រាកដ។ លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានស្នើឱ្យប្រជាពលរដ្ឋសូមកុំលក់ដីសម្បទានសង្គមកិច្ចនេះឱ្យសោះ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយអ្នកដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម សុខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូននូវសាវតារមួយចំនួនពាក់ព័ន្ធជាមួយនឹងដំណើរការគម្រោង LASED III នេះ ដែលបានអនុវត្តនៅក្នុងខេត្តកំពង់ធំ មានបីដំណាក់កាលរួចមកហើយ។ ឯកឧត្តម បន្តថា ថ្ងៃនេះយើងចូលដល់ដំណាក់កាលចាប់ឆ្នោត ដើម្បីកំណត់បាននូវដីឡូលំនៅឋាន ឬដីឡូកសិកម្ម ដែលពុកម៉ែបងប្អូនទន្ទឹងរង់ចាំយូរហើយ ការជ្រើសរើសមុខសញ្ញា ការរៀបចំទីតាំងនេះ ត្រូវការពេលវេលា យើងទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល យើងត្រូវជ្រើសរើសមុខសញ្ញាដែលរហូតមកដល់ពេលនេះ គឺយើងទៅដល់ដំណាក់កាលមួយចាប់ឆ្នោត ហើយបន្ទាប់ពីចាប់ឆ្នោតថ្ងៃនេះ យើងដឹងលេខសម្គាល់ក្បាលដី ទាំងដីលំនៅឋាន និងដីកសិកម្ម ដូច្នេះ សូមពុកម៉ែបងប្អូនចុះទៅពិនិត្យទៅលើទីតាំងផ្ទាល់ ដើម្បីទៅរកមើលក្បាលដីដែលខ្លួននឹងទទួលបាន ដើម្បីឲ្យស្គាល់ដីលំនៅឋាន និងដីកសិកម្ម ដើម្បីរូតរះក្នុងចូលទៅរៀបចំសាងសង់ទីជម្រកស្នាក់នៅ ជាពិសេសត្រូវព្យាយាមប្រើប្រាស់ដីនេះ ឱ្យប្រែក្លាយជាព័ណ៌បៃតងស្រស់បំព្រង មានដំណាំ បន្លែ ផ្លែឈើ ដើម្បីជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារ។

