ឯកឧត្តមថោ ជេដ្ឋា បានលើកឡើងថា ការសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាគ្រប់មូលដ្ឋាន គឺជាការត្រៀមលក្ខណៈជាស្រេច ដើម្បីឈ្នះគ្រប់សមរភូមិបោះឆ្នោត និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស
(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាគ្រប់មូលដ្ឋានគឺជាការត្រៀមលក្ខណៈជាស្រេច ដើម្បីឈ្នះគ្រប់សមរភូមិបោះឆ្នោតនិងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំម្សសក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ស្នាក់ការគណបក្សថ្មីនេះគឺជាកន្លែងបំពេញ និងបម្រើកិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនក៏ដូចជាបម្រើឱ្យរដ្ឋបាលគណបក្សព្រមទាំងផ្ដល់នូវភាពងាយស្រួលក្នុងការជួបជុំការប្រមូលផ្ដុំនិងការធ្វើសកម្មភាពនានារបស់គណបក្សនៅក្នុងមូលដ្ឋាន ហើយក៏ជាសក្ខីភាពដ៏រឹងមាំនៃគណបក្សក៏ដូចជាភាពចាស់ទុំខាងនយោបាយថែមទៀត ដែលជាគណបក្សកាន់អំណាចហើយអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាពដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឯកឧត្តម និងក្រុមការងារ ប្តេជ្ញាចិត្តដណ្ដើមជោគជ័យជូនគណបក្សជាពិសេសខិតខំកសាងបន្ថែមទៀតនូវស្នាក់ការគណបក្ស ក៏ដូចជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានឱ្យបានសមរម្យនិងប្រសើរឡើងថែមទៀតជាពិសេសការកសាង សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹកមប្រព័ន្ធធារាសាស្ត្រ អណ្ដូងទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតក្នុងការអន្តរាគមន៍សង្គ្រោះទឹកជំនន់និង គ្រោះរាងស្ងួតព្រមទាំងជំរុញការព្យាបាល ជូនពលរដ្ឋដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តមបានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ មេក្រុមបក្ស ប្រជាការពារចំនួន៤៨០នាក់ដែលក្នុង១នាក់ ទទួលបាននូវថវិកា២ម៉ឺនរៀល ក្រុមយុវជន១០នាក់ ដែល១នាកើទទួលបានថវិកា២ម៉ឺនរៀល ក្រុមសសយក ១០នាក់ ដែល១នាកើទទួលបានថវិកា ២ម៉ឺនរៀល ហើយបានឧបត្ថម្ភនៅកុំព្យូទ័រចំនួន២ឈុត និងម៉ស៉ីនព្រីនធ័រមួយឈុត ដល់ស្នាក់ការគណបក្សថ្មីនេះផងដែរ។

