ឯកឧត្តម អ៊ួង សុភារិន្ទ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារសព អនុសេនីយ៍ឯក ហ៊ាង ចំណាន ដែលបានពលីជីវិតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជ
======================
បាត់ដំបង៖ នៅថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ, ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ហ៊ាង ចំណាន វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះដែរ, ឯកឧត្តម អ៊ួង សុភារិន្ទ ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ៨០ លានរៀល របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ជូនដល់ក្រុមគ្រួសារសព អនុសេនីយ៍ឯក ហ៊ាង ចំណាន នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

