មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំសាលាវិស័
(កំពង់ធំ)÷ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោងQSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកស្រីប្រធាន,អនុប្រធានមន្ទីរ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត អភិបាលរងស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងឃុំ ក្នុងវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រនិងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ១០៧នាក់ ស្រី៨៧នាក់ ។
ថ្លែងនៅក្នុងកម្មវិធីនេះលោកស្រី ស៊ិន ស៊ីផាន បានមានមតិសំណេះសំណាល និងលើកឡើងថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានបន្ថែមទៀតថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។
ក្នុងនោះដែរលោកស្រីប្រធានមន្ទីរ ក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀ,គ្រោះថ្នាក់ចរាចរណ៍និងជំរុញឱ្យអាណាព្យាបាលដែលមានកូនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរក្នុងឆ្នាំ២០២៧ខាងមុខជ្រើសរើសថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់និងបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេសឬតំណាងរាស្ត្រឆ្នាំ២០២៨។
លោកស្រីប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងកាបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរស្រឡាញ់ខ្មែរនិងខ្មែរចេះជួយខ្មែរពាក់ព័ន្ធនឹងរឿងព្រំដែនសមរភូមិក្រោយជួយឧបត្ថម្ភគាំទ្រសមរភូមិមុខក្នុងនោះដែរ។
សូមបញ្ជាក់ផងដែរថា នៅក្នុងវគ្គផ្សព្វផ្សាយមានវត្ថុអនុស្សាវរីយ៍កំដរដៃក្នុង១នក់ទទួលបានសារុងមួយ។ វគ្គអប់រំផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោង បានចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្រ្តី ឱ្យមានភាពប្រសើរឡើងពិសេសប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តោតទៅលើការបង្កើនសេដ្ឋកិច្ចនៅក្នុងគ្រួសារ។

