បទល្មើសហ៊ុំសម្រាស់កំពុងអុកឡុកតាមដងស្ទឹងសែន តើមន្ត្រីជំនាញពាក់ព័ន្ធទៅណាអស់ហើយកំពុងដេកលក់ឬត្រូវថ្នាំសណ្ដំរបស់អ្នកហ៊ុំសម្រាស់អស់ហើយទើបមិនឃើញបង្ក្រាប
ខណៈដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងដុតដៃដុតជើងក្នុងការការពារធនធានធម្មជាតិ ផ្ទុយទៅវិញ បទល្មើសនេសាទខុសច្បាប់តាមរយៈរូបភាព “ហ៊ុំសម្រាស់” កំពុងកើតមានយ៉ាងពេញបន្ទុកនៅក្នុងភូមិសាស្ត្រស្ទឹងសែន ក្នុងស្រុកកំពង់ស្វាយ ដោយគ្មានការរំខានពីមន្ត្រីជំនាញឡើយ។
[ខេត្តកំពង់ធំ]៖ នៅវេលាម៉ោង ៣.២១នាទី ថ្ងៃទី២៤ខែកម្ភះឆ្នាំ ២០២៦ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតយករូបភាពជាក់ស្ដែងនៅបទល្មើសនេសាទហ៊ុំសម្រាស់ចំណុច អន្លង់តាផ្លុង់ក្នុងស្ទឹងសែន ភូមិកំពង់គោ ឃុំកំពង់គោ និងចំណុចភូមិបូពឹង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គ្មានឃើញមន្ត្រីជំនាញពាក់ព័ន្ធចុះទៅទប់ស្កាត់ឬក៏ចាប់បង្ក្រាបនោះទេ។
អញ្ចឹងតើបានជា ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះខ្សឹបថាជំនាញចុះបង្ក្រាបឧបករណ៍ខុសច្បាប់កន្លងមកចុះចំតែចំណុចណាដែលម្ចាស់មិនបានទៅជួបជំនាញជាមុនតែប៉ុណ្ណោះ តែបើពួកគេបានទៅជួបហើយគឺរួចខ្លួន នេះស.បញ្ជាក់ឲ្យឃើញថាមន្ត្រីជំនាញចុះអនុវត្តកន្លងមក គឺមិនមែនអនុវត្តតាមច្បាប់នោះទេ គឺអនុវត្តតាមការណាត់ជួបជាមុន បើមិនដូច្នោះទេជនខិលខូចច្បាស់ជាគ្មានឱកាសបានហ៊ុំព័ទ្ធតាមចិត្តនោះឡើយ ហើយបើធ្វើក៏មិនរួចខ្លួនដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំខាងលើអំពាវនាវទៅដល់ឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ មេត្តាជួយមានវិធានការនិងទប់ស្កាត់បទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាពផងទាន។
អ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនេះ ក្នុងគោលបំណងចូលរួមថែរក្សារការពារអភិរក្សធនធានមច្ឆាជាតិ ឲ្យបានគង់វង្សស្ថិតស្ថេរជានិរន្ត សំរាប់កូនខ្មែជំនាន់ក្រោយ អាស្រ័យដូចនេះយើងទាំងអស់គ្នា ត្រូវសហការ ការពារមច្ឆាជាតិឲ្យចៀសផុត ពីបទល្មើសនេសាទខុសច្បាប់នានា ដោយរក្សាបាននូវតុល្យភាព រវាងការអភិវឌ្ឍន៍ និងការអភិរក្ស ដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពុជា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញករណីបទល្មើសជលផលខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់មានការស្រាយបំភ្លឺណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ ព្រោះទំនាក់ទំនងមិនបាន ដូច្នេះអង្គភាពសារព័ត៌មានយើង រងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

