គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ផ្សព្វផ្សាយផែនការ ការពារតំបន់ព្រែកអភិរក្សពូជត្រី ចំនួន ៦គោលដៅ និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ ជូនកងកម្លាំងចម្រុះ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅប្រគល់ផែនការ ការពារតំបន់ព្រែកអភិរក្សពូជត្រី ចំនួន ៦គោលដៅ និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទ នៅឃុំផាត់សណ្ដាយ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់កោះក្របី អតីតឡូត៍លេខពីរស្ទួន នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានឡើងរាយការណ៍អំពី ស្ថានភាពគ្រប់គ្រងព្រែកអភិរក្សពូជត្រីនៅឃុំផាត់សណ្ដាយ គឺជាកន្លែងរក្សាពូជត្រីបម្រុងទុក សម្រាប់ពងកូននៅរដូវវស្សា។ ហេីយកន្លងមកតំបន់អភិរក្សនេះ ជាកន្លែងដែលជនល្មើសតែងតែលបលួចចូលនេសាទត្រីដោយខុសច្បាប់ នៅក្នុងរដូវប្រាំង ដែលត្រូវទាមទារ ឱ្យសមត្ថកិច្ចជំនាញ អាជ្ញាធរដែនដី និងកងកម្លាំង ត្រូវរួមគ្នារក្សាការពារឲ្យបាន ដើម្បីជាប្រយោជន៍សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន និងសង្គមជាតិយើងទាំងអស់គ្នា។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងផ្សព្វផ្សាយផែនការ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ អំពីការប្រើប្រាស់កម្លាំងចម្រុះ ក្នុងការការពារតំបន់អភិរក្សពូជត្រីទាំង ៦គោលដៅ ជូនដល់កងកម្លាំងចម្រុះ និងអជ្ញាធរដែនដី ដេីម្បីសហការការពារឲ្យមានប្រសិទ្ធភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា៖ ដោយបានការឯកភាព និងប្រគល់ភារកិច្ចពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងដោយបានការអនុម័តយល់ព្រមក្នុងផែនការ ការប្រើប្រាស់កម្លាំង និងមធ្យោបាយគ្រឿងបំពាក់ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំផែនការប្រើប្រាស់កម្លាំងចម្រុះក្នុងការសហការ ការពារតំបន់ព្រែកអភិរក្សពូជត្រី ទាំង ៦ព្រែក នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវរួមសហការគ្នា ការពារឲ្យបានដាច់ខាត តាមផែនការដែលបានបែងចែក និងការប្រើប្រាស់កម្លាំងតាមមុខសញ្ញានីមួយៗ ដោយមិនត្រូវឲ្យមានបទល្មើសនេសាទកើតឡើងនៅក្នុងតំបន់អភិរក្សពូជត្រីទាំង ៦គោលដៅ ដែលខ្លួនទទួលខុសត្រូវ នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទៀតឡើយ ។ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរដែនដី សូមមេត្តារួមគ្នាថែរក្សាធនធានមច្ឆ:ជាតិរបស់យេីង ដោយមិនត្រូវប្រើប្រាស់ ឬលបលួចចូលនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សពូជត្រីឡេីយ ហើយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ប្រេងឥន្ធនៈ ចំនួន ១,០០០លីត្រ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងចម្រុះតាមគោលដៅនីមួយៗ និងបានត្រួតពិនិត្យទីកន្លែងឈរជើង របស់កងកម្លាំងដែលកំពុងស្នាក់នៅតាមព្រែកអភិរក្សនីមួយៗផងដែរ។

