ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតី ថ្លុកព្រីង នៅស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាងសាកសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ អតីតយុទ្ធជន មរតកតេជោ ធិបតី ថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន និងបានសូមជូនពរដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំង ២០៦គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោ ធិបតីថ្លុកព្រីង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ សិរីសួស្ដី ប្រកបមុខរបររកទទួលទានមានបាន និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ នៅមជ្ឈឹមបូព៌ា និងសភាពការណ៍នៅតាមព្រំដែនកម្ពុជា ថៃ ដែលកន្លងមក ត្រូវបានរងការរំលោភបំពានបូរណភាពទឹកដី ពិសេសក្រោយបទឈប់បាញ់ពីសំណាក់ភាគីថៃជាបន្តបន្ទាប់ ហើយកងយោធពលខេមរមិន្ទរបស់យើង បានរងរបួសនិងពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា ។ ជាមួយនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការការពារ ទប់ទល់ ពីការរំលោភឈ្លានពាន និងការដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាផ្សេងៗទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលនៅជាធរមាន ដែលបានតម្កល់ទុក្ខនៅលើឆាកអន្តរជាតិ នឹងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចធិបតី ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានឧបត្ថម្ភជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន មួយយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ។

