រដ្ឋបាលខេត្តកំពងធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២
(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពងធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ុន ប៊ុត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក សាលាខេត្តកំពង់ធំ។
នៅក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម អ៊ុន បុត្ត ថ្លែងថា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មិនមែនគ្រាន់តែជាភារកិច្ចរដ្ឋបាល ធម្មតានោះទេ ប៉ុន្តែវាគឺជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងការផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យមើលផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់យើងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបន្តថា ដើម្បីឱ្យលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពកាន់តែមានភាពប្រសើឡើង គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញការងារប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសការផ្តល់អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅជាដើម ត្រូវបានយកចិត្តទុកដាក់ និងផ្តល់ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងទំនុកចិត្ត។ ល្បែងស៊ីសងខុសច្បាប់ ត្រូវតែបន្តការបង្ក្រាបគ្រប់ទីកន្លែង អនឡាញស្តែម ដោយចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាល ព្រមទាំងត្រូវធ្វើការផ្សព្វផ្សាយយន្តការច្បាប់ឱ្យបានទូលំទូលាយ។
ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់នូវអនុសាសន៍ និងទិសដៅបន្តមួយចំនួន ក្នុងនោះ គណៈបញ្ជាការឯភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យ និងផ្តល់ការគាំទ្រជាប្រចាំដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការរៀបចំផែនការការងារប្រចាំការ ២៤/២៤ ម៉ោង ដើម្បីទទួលបម្រើសេវា និងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ចិត្ត។ ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវ បន្តយកចិត្តទុកដាក់សម្របសម្រួលរាល់សំណូមពរ និងវិវាទនានានៅមូលដ្ឋានប្រកបដោយតម្លាភាព និងយុត្តិធម៌ ក៏ដូចជាត្រៀមលក្ខណៈចំពោះគ្រោះមហន្តរាយ ដោយត្រូវក្តាប់ឱ្យជាប់នូវព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ និងគ្រោះអគ្គិភ័យ ដើម្បីចាត់វិធានការសង្គ្រោះឱ្យទាន់ពេលវេលាបំផុត។ ជំរុញសកម្មភាពរបស់ក្រុមប្រតិកម្មរហ័សគ្រប់ថ្នាក់ ដើម្បីឆ្លើយតប បំភ្លឺ បកស្រាយ បន្សាបឥទ្ធិពលព័ត៌មានក្លែងក្លាយ មានចរិតញុះញង់ បង្កចលាចលសង្គម ដែលបង្កើតឱ្យមានការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋមកលើកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន។ រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់បន្តការគាំទ្រ និងពង្រឹងការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ក្នុងសមត្ថកិច្ចរបស់ខ្លួន និងធ្វើការរៀបចំការវាយតម្លៃជ្រើរើស ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចូលតែមួយរបស់ខេត្តដែលមានស្នាដៃឆ្នើមប្រចាំឆ្នាំ ២០២៦។
ជាចុងក្រោយ ឯកឧត្តម អ៊ុត សំអន បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ និងកងកម្លាំងជំនាញមានសមត្ថកិច្ច ដែល បានខិតខំក្នុងការអនុវត្តការងារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធ ផលល្អប្រសើរ និងសូមឱ្យបន្តខិតខំ អនុវត្តការងារជាបន្តទៀត ដើម្បីសម្រេចបានទៅតាមគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។

