អគ្គីភ័យបានលេបត្របាក់ផ្ទះឈើមួយខ្នងទំហំ ៦៦ម៉ែត្រការ៉េ និងទ្រព្យសម្បត្តិអស់គ្មានសល់ នៅភូមិវាលស្នាយ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ផ្ទះឈើ ប្រក់ក្បឿង និងស័ង្កសី មួយខ្នង មានទំហំ ៦ម៉ែត្រ គុណនឹង ១១ម៉ែត្រ និងស្រូវចំនួនមួយតោន អង្ករចំនួន១៥០ គីឡូក្រាម ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ នៅវេលាម៉ោង ១២ និង៣០នាទី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ នៅភូមិវាលស្នាយ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោកស្រី ឱ ម៉ុន អាយុ ៣៩ឆ្នាំ ដែលត្រូវជាម្ចាស់ផ្ទះ បានរៀបរាប់ថា ស្វាមីរបស់គាត់ឈ្មោះ ចាន់ វ៉ាង អាយុ ៤៣ឆ្នាំ ត្រូវបានចំណាស់ស្រុក ទៅធ្វើកម្មករនៅទីឆ្ងាយ បានប្រាក់មកសាងសង់ផ្ទះ ដើម្បីចិញ្ចឹមជីវិតនិងក្រុមគ្រួសារ ។ លោកស្រី មានកូនចំនួន០២នាក់ និងម្ដាយចាស់ជរាម្នាក់ ។ ក្នុងថ្ងៃអគ្គីភ័យឆាប់ឆេះ គាត់បានទៅបំពេញការងារជាកម្មករ ដូចធម្មតា ដោយចេញដំណើរពីម៉ោង ៧ព្រឹក ហើយបិទទ្វារផ្ទះចាក់សោរត្រឹមត្រូវ ដោយមិនមានការប្រើប្រាស់ភ្លើងចង្ក្រានឬដុតទានធូបអ្វីឡើយ ។ លោកស្រី បានរៀបរាប់បន្តទៀតថា ផ្ទះដែលត្រូវរងអគ្គីភ័យឆាប់ឆេះគឺដោយសារការឆ្លងចរន្តអគ្គិសនី។
នៅរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់ ផ្ទះសម្បែង និងទ្រព្យសម្បត្តិ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងឯកសារផ្សេងៗទៀត ដែលត្រូវបានបំផ្លិចបំផ្លាញដោយអគ្គីភ័យលេបត្របាក់អស់គ្មានសល់ ។ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឱ្យតែភ្លើងតែផ្ទះ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់សប្បុរសជននានា ដែលមានលទ្ធភាព សូមមេត្តាជួយក្នុងការសាងសង់ផ្ទះសម្បែងជូនក្រុមគ្រួសារលោកស្រី ឱ ម៉ុន ឲ្យមានជម្រកស្នាក់នៅសមរម្យឡើងវិញផង ។ បច្ចុប្បន្ននេះម្ដាយចាស់ជរា និងលោកស្រី ព្រមទាំងកូនៗ បានទៅជ្រកស្នាក់នៅផ្ទះបងប្អូនជិតខាងជាបណ្ដោះអាសន្ន ហើយស្វាមីគាត់ក៏មិនទាន់បានត្រឡប់មកពីធ្វើការវិញនៅឡើយទេ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានជួយឧបត្ថម្ភ អង្ករចំនួន ១៥០គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ពីរយួរ ត្រីខកំប៉ុងចំនួន ២យួរ ទឹកពិសាបរិសុទ្ធចំនួន ៥យួរ សម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មានដូចជា ចង្ក្រាន ចាន ឆ្នាំង ស្លាបព្រា មុង ភួយ កន្ទេល ខ្នើយ និងថវិកាមួយចំនួនផងដែរ ដើម្បីសម្រាលបន្ទុក ក្នុងជីវភាពប្រចាំថ្ងៃ ។
លោកស្រី ឱ ម៉ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ព្រមទាំងអាជ្ញាធរដែនដី ឃុំ ភូមិ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនៅរាល់ការលំបាករបស់គាត់បានទាន់ពេលវេលា និងសូមគោរពជូនពរឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

