ឯកឧត្តម ងួន រាសី អញ្ជើញក្នុងពិធីបើកវគ្គបំពាក់បំប៉នបច្ចេកទេសស្តីពី “ការងារសម្របសម្រួលព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ បានប្រារព្ធពិធីបើកវគ្គបំពាក់បំប៉នបច្ចេកទេស ស្តីពី “ការងារសម្របសម្រួលព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម” ក្រោមអធិបតីភាព ឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៥២នាក់ ក្នុងនោះស្រី៤៨នាក់។
វគ្គបំពាក់បំប៉ននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងជូនដល់សិក្ខាកាម ពាក់ព័ន្ធនឹងការងារសម្របសម្រួលព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាព ព្រមទាំងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមឱ្យបានត្រឹមត្រូវ សមស្រប និងទាន់សភាពការណ៍នាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះឯកឧត្តម ងួន រាសី បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់នៃការងារព័ត៌មាន និងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ក្នុងការផ្សព្វផ្សាយសកម្មភាពនានា ក៏ដូចជាការបញ្ជូនព័ត៌មានឱ្យបានទាន់ពេលវេលា មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។
ឯកឧត្តមក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។
ពិធីបើកវគ្គបំពាក់បំប៉ននេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល សកម្ម និងពោរពេញដោយការយកចិត្តទុកដាក់ពីសំណាក់សិក្ខាកាមទាំងអស់ ដែលបានបង្ហាញពីការចាប់អារម្មណ៍ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនសមត្ថភាពលើវិស័យព័ត៌មាន និងបណ្តាញសង្គម ឱ្យស្របតាមតម្រូវការការងារជាក់ស្តែង។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពការងារសម្របសម្រួលព័ត៌មាន និងការផ្សព្វផ្សាយតាមបណ្តាញសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយបន្ថែមទៀត៕

