សាលប្រជុំបើកចំហរមួយខ្នង ទំហំ ៣៦០ម៉ែត្រការ៉េ មានតម្លៃជាង ១០,០០០ ដុល្លារសហរដ្ឋអាមេរិក អំណោយឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់សាលប្រជុំបើកចំហរមួយខ្នង មានទំហំ ៣៦០ការ៉េ ដែលជាអំណោយថវិកាចំនួន ១០,០០០ ដុល្លារសហរដ្ឋអាមេរិក របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ជូនដល់បងប្អូនអតីតយុទ្ធជន សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពិធីនេះមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករផងដែរ ។
លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបន្ទុកគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង និងជាប្រធានដឹកនាំការសាងសង់សាលប្រជុំនេះ បានរាយការណ៍បញ្ជាក់ថា៖ គម្រោងសាងសង់សាលប្រជុំថ្មីនេះ មានតម្លៃជាង មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាតម្រូវការចាំបាច់របស់បងប្អូនអតីតយុទ្ធជន ក្នុងការប្រើប្រាស់ជាប្រយោជន៍រូម ក្នុងជីវភាពប្រចាំថ្ងៃ ហើយការសាងសង់និងដំណើរការចាប់ពីពេលនេះតទៅ ឱ្យបានរួចរាល់ក្នុងរយៈពេលមួយខែទៀតខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរព អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាក្នុងការសាងសង់ សាលប្រជុំបើកចំហរសម្រាប់បងប្អូនអតីតយុទ្ធជនបានប្រើប្រាស់ ក្នុងការជួបជុំប្រារព្ធពិធីផ្សេងៗ បម្រើឲ្យសង្គម និងការជួបជុំក្នុងពិធីបុណ្យនានា ក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ ។ ហើយកន្លងទៅនេះ ឯកឧត្តម នួន ផារ័ត្ន ក៍បានផ្ដល់អំពូលសូឡា ចំនួន ៧៥ដើម ដាក់បំភ្លឺតាមដងផ្លូវក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងរួចមកហើយ ។ ជាមួយនេះដែរឧត្ដមសេនីយ៍សោម ស៊ុន ក៍បានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជន ដែលបានចូលរួមចំណែកជាថវិកាបន្ថែមក្នុងការសាងសង់សាលប្រជុំនេះផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ ដល់ក្រុមការងារ និងក្រុមជាងសំណង់ទាំងអស់ ដែលមានភារកិច្ចសាងសង់សាលប្រជុំនេះ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព និងសោភ័ណភាព សម្រាប់ប្រើប្រាស់បានយូរអង្វែងតទៅ ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន ដែលមានកម្លាំងពលំមាំមួន ត្រូវជួយគ្នាជាកម្លាំងពលកម្មក្នុងការសាងសង់ ជៀសវាងការចំណាយថវិកាក្នុងតម្លៃពលកម្មថ្លៃដែលនាំឲ្យប៉ះពាល់ដល់គម្រោងថវិកាដែលត្រូវសាងសង់ ។

