
(កំពង់ធំ)÷ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប០១ និងស្រូវស្រង៉ែស្រាលរវាងសហគមន៍កសិកម្មទំនេីបដំណាំស្រូវបារាយណ៍ តាំងគោក ជាមួយក្រុមហ៊ុនខ្មែរ ហ្វូត គ្រុប និងក្រុមហ៊ុន BRM AGRO Co.,Ltd ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំនេះ ក៏មានការអញ្ជេីញចូលរួមផងដែរពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឧកញ៉ា ប្រធានមន្ទីរជុំវិញខេត្ត បណ្ដាលក្រុមហ៊ុន និងសមាគមកសិកម្ម។
ឧកញ៉ា គឹម សាវុធ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការចងក្រងសហគមន៍កសិកម្មទំនេីបឡេីងដែលពិតជាសារៈសំខាន់ជាច្រេីនដល់គ្រប់ភាគីពាក់ព័ន្ធ។ ក្រោមការជ្រាមជ្រែងពីក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពង់ធំ លោកឧកញ៉ា ប្តេជ្ញាបន្តកិច្ចសហការ និងខិតខំអនុវត្តបន្ថែមផ្តល់ផលចំនេញដល់សហគមន៍ និងកសិករ បូករួមការធានាទីផ្សារ និងលេីកកម្ពស់ពូជស្រូវក្នុងស្រុក។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា មានកិត្តិយសដែលបានចូលរួមជាសាក្សី និងបានគូសបញ្ជាក់ថានេះជាការរកទីផ្សារជូនប្រជាកសិករ ដោយរៀបចំគិតគូរបុរេសកម្ម ពិនិត្យមេីលសមត្ថភាពរបស់សហគមន៍ និងផលិតទៅតាមតម្រូវការទីផ្សារ សំដៅផលិតឱ្យទទួលបានជោគជ័យ និងផ្តល់ផលចំនេញទាំងអស់គ្នា។
បេីតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាការផលិតនេះទៀតសោត ត្រូវពិនិត្យមេីលទាំងគុណភាព និងបរិមាណ អនុលោមតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ រក្សាទីផ្សារដែលមានស្រាប់ឱ្យបានយូរអង្វែង ប្រការសំខាន់ត្រូវកសាងទំនុកចិត្ត ស្មោះត្រង់ជាមួយគ្នា និងដេីរទៅមុខរួមគ្នា។
សូមបញ្ជាក់ផងដែរថា បណ្ដាលក្រុមហ៊ុន និងសហគមន៍កសិកម្ម បានចុះហត្ថលេខាទទួលស្គាល់ពីផលិតផលក្នុងស្រុក ដើម្បីឱ្យមានទំនុកចិត្តពីគ្នាទៅវិញទៅមកឱ្យរក្សាបាននូវគុណភាព និងបរិមាណ។