
(កំពង់ធំ)÷ ឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោក ពេញ កែម ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន និងសមាជិកសមាជិកា បាននាំយកអំណោយមនុស្សធម៌ និងថវិកា ទៅប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត១០គ្រួសារមាន÷ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីមេម៉ាយ និងគ្រួសារងាយរងគ្រោះ ស្ថិតនៅភូមិកំរ៉ែង០៤គ្រួសារ និងភូមិរកា០៦គ្រួសារ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ងួន រាសី បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយថាមពល និងប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។
ឯកឧត្តមបានបន្តថា កិច្ចខិតខំប្រឹងប្រែងជាអង្គតែមួយ និងមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន គឺជាចលនការថ្មីមួយប្រកបដោយក្តីសង្ឃឹមជឿជាក់ ក្នុងការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំ ឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨នាខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ និងថវិការបស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៉ីអ៉ីវ០១យួរ និងថវិកាមួយចំនួនទៀតផងដែរ។