
(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម និងសំណូមពរ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
កម្មវិធីប្រជុំបុកសរុបលទ្ធផលការងារប្រចាំខែមេសានេះក៏មានការចេញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងលោក លោកស្រី សមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំជាច្រើនរូប។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ប្រជាជនជឿជាក់លើការដឹកនាំរបសគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ដែលបានពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងជួយដោះស្រាយការលំបាករបស់ប្រជាជន។ ឯកឧត្តមបានថ្លែងបន្តថារចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សកាន់តែត្រូវបានពង្រឹង ហើយចាក់ឫសចូលជ្រៅទៅក្នុងស្រទាប់មហាជន និងរក្សាបាននិរន្តរភាពក្នុងការដឹកនាំ។ ក្រុមការងាររបស់គណបក្ស និងក្រុមការងាររបស់រាជរដ្ឋាភិបាល សហការគ្នាបានល្អក្នុងការដោះស្រាយបញ្ហា ប្រឈម និងដឹងទុក្ខធុរៈរបស់ប្រជាជននៅមូលដ្ឋាន។ មន្ត្រីគណបក្សនៅគ្រប់ថ្នាក់មានស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាធ្វើសកម្មភាពដើម្បីលើកកម្ពស់ជីវភាពរបស់ ប្រជាជន ឆ្ពោះទៅដណ្តើមជ័យជម្នះជូនគណបក្សរាល់ការបោះឆ្នោត។
ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍បន្ថែមទៅលើទិសដៅ និងភារកិច្ចសម្រាប់រយៈពេលខែបន្ទាប់គឺ ១.គ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ជំនាញ ត្រូវតម្រង់ទិសទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៨ ដោយក្តាប់ជាប់គោលការណ៍ដឹកនាំរបស់គណបក្ស ខិតខំអនុវត្តចលនា សរុបសំដៅពង្រឹង និងពង្រីកកម្លាំងគាំទ្រគណបក្សនៅគ្រប់មូលដ្ឋាន។ ២- ជំរុញការអប់រំសមាជិកគណបក្ស និងមហាជនឱ្យបានជ្រួតជ្រាបច្បាស់ថែមទៀត អំពីជ័យជម្នះដ៏ធំធេងរបស់ គណបក្ស និងរាជរដ្ឋាភិបាល អំពីសមិទ្ធផលគ្រប់វិស័យ អំពីគោលការណ៍ គោលនយោបាយ វិធានការនានារបស់គណបក្ស និងរាជរដ្ឋាភិបាល។ ព្រមជាមួយនេះដែរ អប់រំប្រជាជន និងសមាជិកគណបក្សយើងឱ្យមើលឃើញអំពីឧបាយកលដ៏គ្រោះថ្នាក់ របស់ពួកប្រឆាំងជ្រុលនិយម។ ៣- បន្តកសាង ពង្រឹង លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពដឹកនាំរបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដោយ ប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់ ផ្សារភ្ជាប់ជិតស្និទ្ធ ជាមួយសមាជិកគណបក្ស និងមហាជន។ ៤- បន្តពង្រឹងជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែកឱ្យខិតខំបម្រើជាតិ បម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម ប្តេជ្ញា ការពារគណបក្ស និងប្តេជ្ញាដណ្តើមជ័យជម្នះជូនគណបក្ស នៅគ្រប់កាលៈទេសៈ។ ៥- បន្តកសាងសមាជិកគណបក្ស ទន្ទឹមនឹងការពង្រឹងគុណភាព ដោយជំរុញការគ្រប់គ្រង អប់រំថែបំប៉នខាង នយោបាយ សតិអារម្មណ៍ និងចាត់តាំង។ ៦- ពង្រឹង និងជំរុញការងារចលនាមហាជននៅគ្រប់ថ្នាក់ ឱ្យធ្វើសកម្មភាពជាប់ជាប្រចាំនៅតាមមូលដ្ឋាន ក្តាប់ជាប់ ខិតខំដោះស្រាយការលំបាក និងសំណូមពររបស់ប្រជាជន។